រដ្ឋាភិបាលអាហ្សង់ទីន ជួយបេក្ខជនចាញ់ការបោះឆ្នោត របស់ប្រេស៊ីល Flavio Bolsonaro បានភៀសខ្លួនចេញពីប្រទេស
បរទេស៖ រដ្ឋាភិបាលអាហ្សង់ទីនដែលមាននិន្នាការស្តាំនិយម បានបញ្ជាក់ថា ខ្លួនបានជួយសមាជិកព្រឹទ្ធសភាប្រេស៊ីល លោក Flavio Bolsonaro ឱ្យចាកចេញពីប្រទេស បន្ទាប់ពីលោកបានបរាជ័យក្នុងការបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតី Luiz Inacio Lula da Silva ។ យោងតាមសេចក្តីរាយការណ៍ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏ត្រូវបានគេលើកឡើងថាមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា កាលពីថ្ងៃចន្ទ គឺមិនដល់ ២៤ ម៉ោងផង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជុំទីពីរយ៉ាងប្រផិតប្រផើយទល់នឹងលោក Lula គឺលោក Bolsonaro ត្រូវបានគេបញ្ជាឱ្យប្រគល់លិខិតឆ្លងដែន របស់លោកជូនអាជ្ញាធរ ។ លិខិតឆ្លងដែនទាំងនោះ ត្រូវបានលុបចោល សុពលភាពនៅថ្ងៃអង្គារ បន្ទាប់ពីលោកមិនបានប្រគល់វា ជូនអាជ្ញាធរតាមការកំណត់។ សារព័ត៌មានមួយចំនួនបានរាយការណ៍ថា លោកបានរត់ភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃដដែលនោះ ប៉ុន្តែមិនមានប្រភពណាមួយអាចបញ្ជាក់បានច្បាស់លាស់ថា លោកពិតជាបានចាកចេញពីប្រទេសមែនឬអត់នោះទេ។
អ្នកគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោក Bolsonaro បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា៖ «យើងនៅតែមិនទាន់ទទួលបានព័ត៌មាន ណាមួយអំពីទីតាំង ដែលលោកកំពុងស្ថិតនៅនោះទេ»។
នៅព្រឹកព្រលឹមថ្ងៃពុធ នាយកដ្ឋានអន្តោប្រវេសន៍ជាតិអាហ្សង់ទីន (DNM) បានបញ្ជាក់ថា លោក Bolsonaro ភរិយា និងកូនស្រីពីរនាក់របស់លោក បានចូលមកក្នុងប្រទេសអាហ្សង់ទីនតាមរយៈច្រកព្រំដែនមួយក្បែរទីក្រុង Puerto Iguazu នៅមុនម៉ោង ១១ យប់ថ្ងៃអង្គារបន្តិច។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា លោក Bolsonaro បានឆ្លងកាត់ព្រំដែន «ដោយមានឯកសារធ្វើដំណើរត្រឹមត្រូវ និងមិនមានឧបសគ្គផ្លូវច្បាប់ណាមួយក្នុងការចូលមកក្នុងប្រទេសនេះឡើយ»។
ប្រែសម្រួលៈ តុលា
