បរទេស៖ គណៈកម្មការអឺរ៉ុបបានអនុម័តសំណើរបស់ប្រទេសហុងគ្រី ក្នុងការស្នើសុំប្រាក់កម្ចីផ្នែកការពារជាតិក្រោមគម្រោង «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» (SAFE) ដែលមានទឹកប្រាក់ចំនួន ៥,៤ ពាន់លានអឺរ៉ូ។ ការអនុម័តនេះបានបញ្ចប់ជាផ្លូវការនូវជុំទីមួយនៃកម្មវិធីផ្តល់ហិរញ្ញប្បទានដ៏សំខាន់របស់ទីក្រុងព្រុចសែល ដែលមានគោលបំណងពង្រឹងការត្រៀមខ្លួនផ្នែកយោធារបស់អឺរ៉ុប។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Péter Magyar បានកាត់បន្ថយទំហំទឹកប្រាក់ដែលស្នើសុំពី ១៦,៤ ពាន់លានអឺរ៉ូ មកនៅត្រឹម ៥,៤ ពាន់លានអឺរ៉ូ បន្ទាប់ពីលោកបានចូលកាន់តំណែងក្នុងខែមេសា ដោយសំណើផ្លូវការដែលបានកែសម្រួលនោះ ត្រូវបានដាក់ជូននៅចុងខែកញ្ញា។
គេយល់ថា លោក Magyar ចង់ធ្វើការវាយតម្លៃឡើងវិញលើសំណើដើម ដោយសារមានការលើកឡើងអំពីហានិភ័យនៃការប្រព្រឹត្តអំពើពុករលួយ ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអាណត្តិមុន។
មុនពេលដែលថវិកានេះអាចត្រូវបានបញ្ចេញ វាតម្រូវឱ្យមានការអនុម័តពីសំណាក់រដ្ឋាភិបាលនានានៅក្នុងសហភាពអឺរ៉ុប ហើយបន្ទាប់មកនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីមួយ រវាងតំណាងមកពីទីក្រុងព្រុចសែល និងទីក្រុងប៊ូដាប៉េស។
លោក Thomas Reginer អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា នៅមានទឹកប្រាក់ជាង ២១ ពាន់លានអឺរ៉ូទៀត នៅក្នុងកញ្ចប់ថវិកាសរុបចំនួន ១៥០ ពាន់លានអឺរ៉ូ។
បណ្តាប្រទេសសមាជិកនឹងត្រូវបានអញ្ជើញឱ្យបង្ហាញចំណាប់អារម្មណ៍ក្នុងការស្នើសុំកម្ចីបន្ថែម ឬកម្ចីថ្មីទាំងស្រុង ត្រឹមខែធ្នូ។ បន្ទាប់ពីនោះ គណៈកម្មការអឺរ៉ុប នឹងធ្វើការវាយតម្លៃលើផែនការថ្មីៗ ដែលអាចកើតមានឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
