បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេស អ៊ីរ៉ង់ ឈ្មោះ IRIB បាននិយាយនៅថ្ងៃអង្គារនេះថា យោធារបស់ប្រទេសអ៊ីរ៉ង់ បានព្រមានបណ្ដេញ យន្តហោះគ្មានមនុស្ស បើករបស់សហរដ្ឋអាមេរិក ដែលព្យាយាមចូលទៅជិតល្បែងសង្គ្រាមអ៊ីរ៉ង់ ស្ថិតនៅជិតមាត់ច្រក នៃតំបន់ឈូងសមុទ្រ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធយោធាប្រចាំឆ្នាំ របស់អ៊ីរ៉ង់នោះ បានចប់នៅថ្ងៃអង្គារនេះ ក្នុងពេលពីរបីសប្ដាហ៍មុន ការបន្តឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាថ្មី រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ង់ IRIB បានរាយការណ៍យ៉ាងដូច្នេះថា “យន្តហោះទាំងនេះ (គឺយន្តហោះគ្មានមនុស្សបើកអាមេរិក RQ-4 និង MQ-9) បានផ្លាស់ប្តូរទិសដៅហោះហើរវិញ ក្រោយហោះចូលមកជិតព្រំដែនសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បន្ទាប់ពីមានការស្ទាក់ដំណើរដោយប្រព័ន្ធការពារដែនអាកាស និងការព្រមានដាច់ខាត”។
គួរបញ្ជាក់ថា សមយុទ្ធប្រចាំឆ្នាំយោធា អ៊ីរ៉ង់ គឺប្រព្រឹត្តធ្វើចាប់ពីភាគខាងកើត នៃច្រកសមុទ្រ Hormuz ដល់ភាគខាងជើង នៃមហាសមុទ្រឥណ្ឌា និងផ្នែកនៃសមុទ្រក្រហម ។ ប្រហែល១ភាគ៥នៃប្រេងប្រើប្រាស់ លើពិភពលោក គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ យុទ្ធសាស្ត្រ Hormuz នៅតំបន់ឈូងសមុទ្រ ៕
ប្រែសម្រួល៖ប៉ាង កុង