ព័ត៌មានអន្តរជាតិ

ថៃ​ ចូល​កាន់​តំណែង​ ជា​ប្រធាន APEC ពី​នូវែលសេឡង់

បាងកក៖ ប្រទេសថៃ កាលពីថ្ងៃសុក្របានចូលកាន់តំណែង ជាប្រធានប្ដូរវេន នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ពីប្រទេសនូវែលសេឡង់ ដោយប្រកាសប្រធានបទ សម្រាប់ឆ្នាំ២០២២ APEC ថា “បើកចំហ ផ្សារភ្ជាប់ និង តុល្យភាព” ។

ក្នុង​ពេល​ប្រគល់​តំណែង​ ជា​ប្រធាន APEC នាយករដ្ឋមន្ត្រី​នូវែលសេឡង់លោកស្រី Jacinda Ardern បាន​លើកឡើងថា ប្រធានបទ​ឆ្នាំ ២០២១ របស់ APEC គឺ “ចូលរួម​ធ្វើ​ការ រីកចម្រើន​រួម​គ្នា” ត្រូវ​បាន​បំផុស​គំនិត​ ដោយសហគមន៍ Maori។

លោកស្រីបានលើកឡើង “ជាប្រពៃណី ការកសាង waka (ទូកកាណូ) ពាក់ព័ន្ធនឹងសហគមន៍ Maori ទាំងមូលដែលធ្វើការដោយសុខដុមរមនា ឆ្ពោះទៅរកគោលដៅរួម។ waka ទាំងនេះបានធ្វើឱ្យសហគមន៍ Maori ឆ្លងកាត់មហាសមុទ្រដ៏ធំទូលាយ។ ដូចគ្នានេះដែរ ការកសាងវិបុលភាព APEC ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសេដ្ឋកិច្ច APEC ទាំងអស់ដើម្បីឈានទៅដល់គោលដៅរួម”។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Ardern បានបន្ដថា “នូវែលសេឡង់មានទំនុកចិត្តថាប្រទេសថៃ នឹងរុញទូកកាណូ APEC ឆ្ពោះទៅមុខដោយភាពរីករាយ ភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថា ប្រទេសថៃ មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ APEC នៅឆ្នាំ២០២២ ហើយនឹងបន្តធ្វើការ និងសហការជាមួយបណ្តាខឿនសេដ្ឋកិច្ច APEC ដើម្បីការអភិវឌ្ឍន៍រួម។

លោកបានពន្យល់អំពីប្រធានបទ សម្រាប់ឆ្នាំ២០២២ APEC – Open. Connect. Balance” ដោយសង្ឃឹមថា APEC ត្រូវបាន បើកចំហចំពោះគ្រប់ឱកាស ការផ្សារភ្ជាប់នៅគ្រប់វិមាត្រ និងមានតុល្យភាពក្នុងគ្រប់ទិដ្ឋភាព”៕ ដោយ ឈូក បូរ៉ា

To Top
×