បរទេស៖ សេតវិមានអាមេរិក បានស្នើឱ្យមន្ទីរបញ្ចកោណ ផ្តល់ឱ្យពួកគេនូវការវិភាគ និងយុត្តិកម្មនៃសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរារាំងរុស្ស៊ី ចំពេលមានភាពតានតឹង កើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាម ការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រី រដ្ឋបាលជាន់ខ្ពស់ម្នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា សំណើរ ដែលបានផ្ញើដោយសេតវិមាន គឺមានបំណងផ្តល់ឱ្យរដ្ឋបាល នូវភាពមើលឃើញពេញលេញ នៅក្នុងសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក និងសកម្មភាពរារាំងផ្សេងទៀត នៅក្នុងទ្វីបអឺរ៉ុប។
មន្ត្រីរូបនេះបានបន្ថែមថា ខណៈពេលដែលសមយុទ្ធភាគច្រើន នៅអឺរ៉ុប ត្រូវបានគេចោទប្រកាន់ថា ផ្តោតលើការការពារប្រឆាំងនឹងរុស្ស៊ី សំណើនេះក៏ទាក់ទង ទៅនឹងសកម្មភាពយោធាអាមេរិក ផ្សេងទៀតនៅលើទ្វីបផងដែរ។
របាយការណ៍នេះកើតឡើងចំពេល មានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបន្ទាប់ពីការសាកល្បងមីស៊ីល ប្រឆាំងផ្កាយរណបដោយទីក្រុងមូស្គូ ក៏ដូចជាការចោទប្រកាន់ថា បញ្ជូនកងកម្លាំង យោធារុស្ស៊ី នៅជិតព្រំដែន ជាមួយអ៊ុយក្រែន ដែលមន្ត្រីមន្ទីរបញ្ចកោណបានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យមានតម្លាភាព។ យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធរបាយការណ៍ទាំងនេះថា វាផ្ទុយនឹងការពិត៕
ប្រែសម្រួលៈ ណៃ តុលា