បរទេស៖ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងដំណើរទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទរួមគ្នាមួយ។
នៅក្នុងទីភ្នាក់ងារសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរយ៉ាងដូច្នេះថា “ពេលវេលាកំពុងតែថយតិច ដែលបង្កើនការចាំបាច់សម្រាប់សហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយដៃគូនិងមិត្តរបស់យើង ក្នុងការរារាំងមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់”។
ទន្ទឹមគ្នានេះដែរ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីស្រាអែលនិងប្រទេសអង់គ្លេស នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំមួយ នៅថ្ងៃចន្ទនេះ ដើម្បីធ្វើការងារកាន់តែជិតស្និទ្ធលើវិស័យនានា ដូចជាសន្តិសុខអ៊ីនធឺណេត បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការពាជាតិ។
គួរបញ្ជាក់ថា កាលពីមុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយថា ប្រទេសរបស់លោកមានក្តីព្រួយបារម្ភជាខ្លាំងថា មហាអំណាចពិភពលោក នឹងដកទណ្ឌកម្មលើអ៊ីរ៉ង់ចេញ ជាថ្នូរនៃការទប់ស្កាត់មិនគ្រប់គ្រាន់លើកម្មវិធីនុយក្លេអ៊ែ ស្របពេលដែលមន្ត្រីចរចាជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន នាថ្ងៃចន្ទនេះ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ៕
ប្រែសម្រួល៖ប៉ាង កុង