ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ កំពុងស៊ើបអង្កេត ទៅលើអង្គការលើកលែងទោសអន្តរជាតិ

បរទេស៖ ប៉ូលីសកំពុងពិនិត្យមើលថាតើ អង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសថៃ បានធ្វើឱ្យខូចសន្តិសុខជាតិ និងរាជាធិបតេយ្យ តាមការស្នើសុំរបស់បណ្តាញប្រជាជនដែលការពារស្ថាប័នរាជវង្ស ឬយ៉ាងណា ។ នេះបើតាមអ្នកនាំពាក្យរងប៉ូលីសលោកវីរសេនីយ៍ Krissana Pattanacharoen បាននិយាយនៅថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្មោះស្ម័គ្រនឹងរាជានិយម កាលពីថ្ងៃទី២៥ វិច្ឆិកា បានធ្វើសំណើតាមរយៈលិខិតមួយដែលដាក់ទៅនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា តាមរយៈមជ្ឈមណ្ឌលបណ្តឹងរបស់វិមានរដ្ឋាភិបាល។ លិខិតនោះត្រូវបានទទួលយកដោយលោក Seksakol Atthawong អនុរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី។

លោក Krissana បានថ្លែងថា លោកនាយករដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងមហាផ្ទៃ និងនគរបាលភូមិន្ទថៃ ពិនិត្យលើបញ្ហានេះ។

ផ្ទាំងពាណិជ្ជកម្ម

RTP ជាផ្នែកមួយរបស់ខ្លួនកំពុងស៊ើបអង្កេតថាតើអង្គការមិនមែនរដ្ឋាភិបាលមួយនេះ បានប្រព្រឹត្តបទល្មើសផ្លូវច្បាប់ក្នុងរបៀបមួយដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងរបបរាជានិយមដែរឬទេ។

RTP បានអនុវត្តយ៉ាងតឹងរ៉ឹងទៅតាមច្បាប់ដោយគ្មានការរើសអើង។ លោក Krissana បន្ថែមថា ប្រសិនបើមានភស្តុតាងច្បាស់លាស់នៃបទល្មើសផ្លូវច្បាប់ RTP នឹងចាត់វិធានការលើស្ថាប័ននេះតាមច្បាប់៕ប្រែសម្រួលៈ ណៃ តុលា

To Top