យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅឯកសិដ្ឋានចិញ្ចឹមមាន់តួកគីចំនួន១កន្លែងនៅភាគខាងត្បូងនៃប្រទេស ។
ក្រសួងបានឲ្យដឹងថា ករណីជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយនៅក្នុងភូមិ Avigdor បន្ទាប់ពីម្ចាស់បានរាយការណ៍ពីការស្លាប់មិនធម្មតានៃសត្វមាន់តួកគីនៅក្នុងទ្រុង ។
សេវាបសុពេទ្យរបស់ក្រសួងបានកំណត់តំបន់កសិដ្ឋានឲ្យដាច់ដោយឡែក និងអនុវត្តការត្រួតពិនិត្យយ៉ាងសកម្មនៃកសិដ្ឋានចិញ្ចឹមសត្វទាំងអស់នៅក្នុងតំបន់ ។
ជំងឺគ្រុនផ្តាសាយបក្សី H5N1 ក៏អាចឆ្លងដល់សត្វដទៃទៀតផងដែរ ដូចជា សត្វឆ្មា ខ្លា និងជ្រូក រួមទាំងករណីកម្រចំពោះមនុស្ស ។
រោគសញ្ញាដំបូងនៃជំងឺគ្រុនផ្តាសាយបក្សីចំពោះមនុស្ស ជាធម្មតាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅ ។
គួររំលឹកថា ការផ្ទុះឡើងដ៏ធំនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០០៦ដែលពាក់ព័ន្ធនឹងការចិញ្ចឹមមាន់តួកគីបែបឧស្សាហកម្មចំនួន៩កន្លែងនៅភាគខាងត្បូងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា