ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅម៉ាឡេស៊ី បណ្តាលឲ្យស្លាប់ មនុស្សអស់៣៣នាក់

កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ដ៏ធំ នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់៣៣នាក់ហើយ គិតត្រឹមថ្ងៃពុធ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថា មេប៉ូលិសក្រុង Selangor លោក Arjunaidi Mohamed បានថ្លែងថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ បានកើនឡើងដល់២៤នាក់ ខណៈដែលមនុស្ស៩នាក់ផ្សេងទៀត ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងរដ្ឋ Pahang ។

ជនរងគ្រោះមួយចំនួន ត្រូវបានគេរកឃើញនៅក្នុងផ្ទះ ខណៈខ្លះទៀតត្រូវបានគេរកឃើញ ខណៈទឹកបានស្រកចុះ ។
ចំនួនអ្នកជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ី បានថយចុះមកនៅត្រឹម៦២.៣៧២នាក់ នៅក្នុងរដ្ឋចំនួន៦ រួមទាំងដែនដីសហព័ន្ធ នៃទីក្រុងកូឡាឡាំពួ គិតត្រឹមម៉ោង១០និង០០នាទីយប់ ។ នេះបើតាមទិន្នន័យពីនាយកដ្ឋាន សុខុមាលភាពសង្គមម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃពុធ ។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេនៅតែជារដ្ឋ Pahang នៅតាមបណ្តោយឆ្នេរភាគខាងកើត នៃឧបទ្វីបម៉ាឡេស៊ី ដោយមនុស្សជាង ៣៧.០០០នាក់ត្រូវបានជម្លៀស ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ បន្ទាប់មកគឺរដ្ឋ Selangor ដែលមានជាង ២២.០០០នាក់ត្រូវបានជម្លៀសចេញ ។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះ បានព្រមានពីភ្លៀងធ្លាក់បន្ថែមទៀត នៅក្នុងឧបទ្វីបម៉ាឡេស៊ី ជាមួយនឹងភ្លៀង និងព្យុះដែលរំពឹងទុកនៅក្នុងរដ្ឋមួយ ចំនួននៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top