ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា នៅតែអាចបង្កើនការ ផលិតប្រេងទ្វេដងដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ ទោះទណ្ឌកម្មអាមេរិកក្តី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋនៃប្រទេស វេណេស៊ុយអេឡា PDVSA បានអះអាងថា ខ្លួនអាចផលិតប្រេងឆៅ បានរហូតទៅដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងដល់ទៅទ្វេដង ពីទំហំដែលធ្វើបានកាលពីឆ្នាំទៅ។

តួលេខនេះត្រូវបានគេមើលឃើញថា បានកើនឡើងទោះបីជា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលបានទណ្ឌកម្មជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅ វេណេស៊ុយអេឡាបានបញ្ជាក់ថា ក្នុងមួយថ្ងៃប្រេងប្រមាណជា ៥០ម៉ឺនបារ៉ែល ត្រូវបានបូមចេញ។

គួរឲ្យដឹងដែរថា ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា បានអះអាងថា ខ្លួនបានជួបប្រទះនូវបញ្ហាធ្លាក់ចុះ នៃការរកចំណូលពីបរទេសដល់ទៅ ៩៩ភាគរយ។

វេណេស៊ុយអេឡា ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមងើបចេញពី វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ តាមរយៈការបង្កើតផលិតផល តាមបែបចម្រុះ និងជាពិសេសការបង្កើន សកម្មភាពផលិតប្រេង ដែលជាស្លាកសញ្ញា ដ៏ល្បីរបស់ខ្លួនឡើងវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top