ព័ត៌មានអន្តរជាតិ

លោក ពូទីន គម្រាមចាត់វិធានការយោធា ប្រសិនបើណាតូច្រានចោល ឱសានវាទរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា ប្រសិនបើណាតូ មិនផ្តល់ការធានារួម ឈប់ដាក់ពង្រាយយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត និងរារាំងមិនឲ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ សម្ពន្ធមិត្តយោធាទេនោះ លោកនឹងបង្ខំចិត្តពិចារណាជម្រើសផ្សេងៗ ដោយរួមទាំងការឆ្លើយតបយោធាផងដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការទាមទាររបស់លោក ពូទីន រួមមានទាំងសន្ធិសញ្ញាព្រាងចំនួន២ ដែលប្រទេសរុស្ស៊ីបានប្រគល់ ឲ្យអង្គការសម្ពន្ធមិត្តណាតូ កាលពីដើមខែនេះ។

កាសែត POLITICO បានរាយការណ៍ថា លោក ពូទីន ដែលបានធ្វើសុន្ទរកថា តាមទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីភាពអាចទៅរួចដែលមីស៊ីល ត្រូវដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើអតីតប្រទេសសមាជិក សហភាពសូវៀតចូលរួមជាមួយណាតូ។

គួរបញ្ជាក់ថា យោធារុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីជាង១០.០០០នាក់ បានវិលត្រឡប់ចូលមូលដ្ឋានខ្លួនវិញ ក្រោយធ្វើការហាត់សមរយៈពេល១ខែ នៅតាមព្រំដែនអ៊ុយក្រែន។ បើទោះជាមានការ កាត់បន្ថយដូច្នេះក៏ដោយ ក៏រុស្ស៊ីនៅមានកងទ័ពរាប់ម៉ឺននាក់ ឈរជើងនៅតាមព្រំដែនអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top