ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អនុម័តថ្នាំវ៉ាក់សាំងដូសទី៤ សម្រាប់អ្នកងាយរង់គ្រោះ

បរទេស៖ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ ១៩ដូសទី៤ សម្រាប់ប្រជាជនខ្លួនដែលងាយរង់គ្រោះបំផុត ស្របពេលដែលករណីមេរោគកូរ៉ូណា មានការផ្ទុះកើនឡើងលើពិភពលោក ជាមួយនឹងការរាលដាលឆ្លងនៃជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង។


លោក Nachman Ash ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសការអនុម័តនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ និងបាននិយាយថា អុ្នកទាំងឡាយណា ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ នឹងត្រូវបានផ្តល់ឲ្យនូវដូសជំរុញជុំថ្មីបំផុតនេះ។


តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងបន្តតាមដានទិន្នន័យ ដោយផ្អែកលើមូលដ្ឋានប្រចាំថ្ងៃ ហើយយើងនឹងពិនិត្យមើលថា តើយើងចាំបាច់ត្រូវពង្រីកសេចក្តីណែនាំនេះ ដល់មនុស្សច្រើនទៀតដែរឬទេ”។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ថា ប្រជាជនអ៊ីស្រាអែលចំនួន២ភាគ៣ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩យ៉ាងហោចណាស់ក៏ដូសទី១ដែរ ហើយចំនួនស្ទើរតែពាក់កណ្ដាល បានទទួលការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ទាំង៣ដូស៕

ប្រែសម្រួល៖ប៉ាង កុង

To Top