ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ថ្កោលទោសការប៉ុនប៉ងអន្ដរាគមន៍កិច្ចការ ផ្ទៃក្នុងដោយអាមេរិក

ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា “ការប៉ុនប៉ងធ្វើអន្តរាគមន៍” ចុងក្រោយបង្អស់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការថ្កោលទោសនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ខ្លួននៅតែទទួលស្គាល់អតីតអនុប្រធានបក្សប្រឆាំងលោក Juan Guaido ជា “ប្រធានាធិបតីបណ្តោះអាសន្ន” នៃប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។

ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺ “បំពានយ៉ាងច្បាស់លាស់ ចំពោះច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញ និងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ ដែលបានបង្កើតឡើងនៅក្នុងប្រទេសដោយឆន្ទៈអធិបតេយ្យភាពរបស់ប្រជាជនវេណេស៊ុយអេឡា”។

ក្រសួងបានបន្ថែមថា “វាជារឿងគួរឱ្យសោកស្តាយដែលរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក បន្តខ្វះភាពក្លាហានក្នុងការព្យាយាមរក្សាទំនាក់ទំនងការទូតនៃការសន្ទនាប្រកបដោយការគោរពជាមួយរដ្ឋាភិបាលធម្មនុញ្ញនៃប្រទេសវេណេស៊ុយអេឡា”។

គួរបញ្ជាក់ថា នៅខែមករាឆ្នាំ២០១៩ បន្ទាប់មកអនុប្រធានបក្សប្រឆាំងលោក Guaido បានប្រកាសខ្លួនឯងថាជា “ប្រធានាធិបតីបណ្តោះអាសន្ន” នៃប្រទេសអាមេរិកខាងត្បូងមួយនេះ ហើយបានដឹកនាំការប៉ុនប៉ងមិនជោគជ័យក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ៕

ដោយ ឈូក បូរ៉ា

To Top