ព័ត៌មានអន្តរជាតិ

ក្រសួងរតនាគារអាមេរិក ប្រកាសដាក់ទណ្ឌកម្ម លើមេដឹកនាំស៊ែបបូស្នៀ

បរទេស៖ក្រសួងរតនាគារអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំស៊ែបបូស្នៀ លោក Milorad Dodik និងស្ថានីយទូរទស្សន៍មួយ ដែលមានជាប់ពាក់ព័ន្ធជាមួយលោក សម្រាប់ការមានបំណងផ្តាច់ខ្លួន ដែលអាចបង្កអស្ថិរភាពដល់ប្រទេស។

លោក Milorad Dodik ដែលបានជាប់ឆ្នោតក្នុងខែតុលា ឆ្នាំ២០១៨ ក្នុងនាមជាសមាជិកជនជាតិស៊ែប៊ីមួយរូប ក្នុងការឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសបូស្នៀនោះ ជាយូរមកហើយ បានធ្វើការគម្រាមចាកចេញពីរដ្ឋធម្មនុញ្ញលំដាប់រដ្ឋ ហើយនាពេលថ្មីៗនេះ លោកបានហៅប្រទេសបូស្នៀថា ជាការពិសោធន៍មួយរបស់សហគមន៍អន្តរជាតិ និងជាប្រទេសដែលមិនអាចទៅរួចសោះឡើយ។

តាមសេចក្តីរាយការណ៍ លោកធ្លាប់បានដឹកនាំយុទ្ធនាការមួយសម្រាប់អង្គភាពដែលមានជនជាតិស៊េប៊ីភាគច្រើនរបស់លោក ដកខ្លួនចេញពីកងទ័ពបូស្នៀ ទីភ្នាក់ងារសន្តិសុខ ប្រព័ន្ធពន្ធនិងតុលាការ បង្កឲ្យមានការភ័យខ្លាចថា កិច្ចព្រមព្រៀងសន្តិភាពដែលបានធ្វើឡើងក្រោយសង្គ្រាមពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៥នោះ អាចនឹងលុបចោលវិញ។

អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលលើអំពើភេរវកម្មនិងការណ៍សម្ងាត់ហរិញ្ញវត្ថុ លោក Brian E. Nelson បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរដើម្បីធ្វើចំណាត់ការប្រឆាំងអ្នកទាំងឡាយណា ដែលប្រពឹត្តអំពើពុករលួយ បង្កអស្ថិរភាព និងការបំបែកបំបាក់បំផ្លាញផលប្រយោជន៍ប្រជាជនខ្លួន ក៏ដូចជាលើអ្នកទាំងឡាយណា ដែលធ្វើឲ្យកើតមាននិងសម្របសម្រួលឥរិយាបទនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top