ព័ត៌មានអន្តរជាតិ

អាមេរិក និងអឺរ៉ុប ដាក់ទណ្ឌកម្មមន្ត្រីនីការ៉ាហ្គា ក្នុងថ្ងៃចូលកាន់តំណែង ប្រធានាធិបតី

បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។

ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនីការ៉ាហ្គា រួមមានទាំងអភិបាលក្រុង រដ្ឋអាជ្ញា រដ្ឋបាលសាកលវិទ្យាល័យ ក៏ដូចជាមន្ត្រីប៉ូលិស មន្ត្រីពន្ធនាគារនិងមន្ត្រីយោធា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេសរបស់ ក្រសួងរតនាគារអាមេរិក បាននិយាយថា ទណ្ឌកម្មរបស់ខ្លួន គឺផ្តោតគោលដៅលើទ្រព្យសម្បត្តិ នៅអាមេរិករបស់មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់របស់របបលោក Ortega ចំនួន៦នាក់ ក៏ដូចជាវិទ្យាស្ថានទូរគមនាគមន៍ និងសារនីការ៉ាហ្គា ដែលជាទីភ្នាក់ងារមួយគ្រប់គ្រង និងពិនិត្យសេវាទំនាក់ទំនង នៅក្នុងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់បញ្ជីខ្មៅជនជាតិនីការ៉ាហ្គាចំនួន ៧នាក់ រួមមានទាំងសមាជិកគ្រួសារ របស់លោក Ortega និងភរិយា លោកស្រីអនុប្រធានាធិបតី Rosario Murillo ក៏ដូចជាអង្គភាពចំនួន៣ គឺប៉ូលិសជាតិនីការ៉ាហ្គា ក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់ និងវិទ្យាស្ថានទូរគមនាគមន៍ និងសារ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top