ព័ត៌មានអន្តរជាតិ

អាមេរិក ចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់ការកើនឡើង ខ្លាំងនៃជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ រួមទាំងការផ្តល់ ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃ បន្ថែមទៀត និង “របាំងមុខដែលមានគុណភាពខ្ពស់” ដល់ជនជាតិអាមេរិក។

លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងធ្វើឱ្យ “របាំងមុខដែលមានគុណភាពខ្ពស់” ផ្តល់ជូនប្រជាជនអាមេរិក ដោយឥតគិតថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋបាលរបស់លោកនឹងទិញ ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០០ លានបន្ថែមពីលើឧបករណ៍ធ្វើតេស្តចំនួន ៥០០ លានដែលលោក បានប្រកាសពីមុន។

ការប្រកាសថ្មីនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក តស៊ូដើម្បីដោះស្រាយករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការធ្វើតេស្តសាកល្បង ខណៈករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំងមិនធ្លាប់មាន ។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនសរុបនៃករណីថ្មីចំនួន ១,៤៨១,៣៧៥ករណី និងការស្លាប់ថ្មីចំនួន ១៩០៤នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ។ ការកើនឡើងនៃករណីក្នុងរយៈពេលតែមួយថ្ងៃ បានបង្កើតកំណត់ត្រាថ្មីមួយ នៅជុំវិញពិភពលោក ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។

ឥឡូវនេះប្រទេសនេះ គឺជាមធ្យមមានជាង ៧៦ម៉ឺនករណីជារៀងរាល់ថ្ងៃ និងមានអ្នកស្លាប់ថ្មី ជាង ១៦០០ នាក់ជារៀងរាល់ថ្ងៃ កើនឡើងយ៉ាងខ្លាំងពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ នេះបើយោងតាមទិន្នន័យ ចុងក្រោយរបស់ CDC ៕

ដោយ ឈូក បូរ៉ា

To Top