ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ រលកយក្សស៊ូណាមិ បានវាយប្រហារ ផ្នែកមួយចំនួន របស់ប្រទេសជប៉ុន

បរទេស៖ នៅមុននេះការព្រមាន អំពីរលកយក្សស៊ូណាមិ ត្រូវបានចេញសម្រាប់ផ្នែកខ្លះ នៃសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីភ្នំភ្លើងក្រោមបាតសមុទ្រ បានផ្ទុះឡើងនៅជិតប្រជុំកោះតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ការព្រមាននេះត្រូវបានចេញ សម្រាប់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេស ហើយបានអនុវត្តចំពោះរដ្ឋ អាឡាស្កា និងហាវ៉ៃផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Japan Times បានរាយការណ៍ថា ផ្នែកខ្លះនៃប្រទេសជប៉ុន ត្រូវបានវាយប្រហារ ដោយរលកយក្សស៊ូណាមិ ដែលបណ្តាលមកពីការផ្ទុះនៃភ្នំភ្លើងក្រោមសមុទ្រ នៅជិតប្រជុំកោះតុងហ្គា។ យោងតាមកាសែតនេះ រលកយក្សស៊ូណាមិ បានបោកបក់លើច្រាំង នៃតំបន់ Tohoku នៃកោះ Honshu ទៅកាន់កោះ Okinawa ។ Japan Times មិនបានបញ្ជាក់ថាតើរលកយក្សស៊ូណាមិ មានកម្រិតណានោះទេ។

កាសែតនេះបានទៀតថា តំបន់ភាគច្រើន នៃប្រទេសជប៉ុន ដែលបានទទួលការព្រមាន អំពីរលកយក្សស៊ូណាមិ ត្រូវបានវាយប្រហារ ដោយស៊ូណាមិភ្លាមៗ បន្ទាប់ពីនោះ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានថា ខ្លួនរំពឹងថានឹងមានរលកកម្ពស់៣ម៉ែត្រ បោកបក់លើកោះ Amami និង Tokara ។ ការព្រមានក៏ត្រូវបានចេញ សម្រាប់កំពង់ផែ Nagoya និង Yokkaichi ក្នុងខេត្ត Mie ផងដែរ។

ជនស៊ីវិលដែលរស់នៅ ក្នុងតំបន់ខាងលើ ក៏ដូចជាឆ្នេរសមុទ្រ ភាគខាងកើតទាំងអស់ នៃប្រទេសជប៉ុន ត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយ ពីតំបន់ឆ្នេរ ដើម្បីសុវត្ថិភាពរបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top