បរទេស៖ នាយរដ្ឋមន្ត្រីស្តីទីរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក Mullah Hasan Akhund នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរជាតិនានា ទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលពួកតាលីបង់របស់ប្រទេស ដោយនិយាយនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងកាប៊ុលថា គ្រប់លក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ។
នៅក្នុងការបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដ៏ធំដំបូងរបស់លោក គិតចាប់តាំងពីលោកបានបន្តកាន់តំណែងនៅក្នុងខែកញ្ញាមកនោះ លោក Mullah Hasan Akhund បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្នើដល់រដ្ឋាភិបាលទាំងអស់ ជាពិសេសនោះគឺបណ្ដាប្រទេសឥស្លាមថា ពួកគេគួរតែចាប់ផ្តើមទទួលស្គាល់”។
ក្រៅពីនេះ លោក Mullah Hasan Akhund និងមន្ត្រីរដ្ឋបាលពួកតាលីបង់នានា បានធ្វើការអំពាវនាវឲ្យក្នុងសន្និសីទកាសែតមួយ ដែលក៏មានការចូលរួមដោយមន្ត្រីអង្គការសហប្រជាជាតិផងដែរនោះ ឲ្យមានការបន្ធូរបន្ថយការរឹតបន្តឹងលើលុយចូលក្នុងប្រទេស ដោយស្តីបន្ទោសចំពោះវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង លើការបង្កមូលនិធិ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានមានប្រសាសន៍ដូច្នេះថា “ជំនួយរយៈពេលខ្លី មិនមែនជាដំណោះស្រាយនោះទេ យើងត្រូវតែព្យាយាមស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហា”៕
ប្រែសម្រួល៖ប៉ាង កុង