ព័ត៌មានអន្តរជាតិ

លោក បៃដិន អះអាងថា អាមេរិក និងណាតូ គ្មានចេតនា បញ្ចូនកងទ័ព ចូលអ៊ុយក្រែននោះទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងជាថ្មីថា គ្មានចេតនាណាមួយនៅក្នុងរដ្ឋបាល របស់លោក ឬនៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងការបញ្ជូនកងទ័ព ចូលទៅក្នុងអ៊ុយក្រែន នោះទេ ប៉ុន្តែថារុស្ស៊ី នឹងប្រឈមមុខ នឹងផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះឈ្លានពាន អតីតសាធារណរដ្ឋសូវៀត ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅពេលលោកនៅហាងមួយ ក្នុងទីក្រុងវ៉ាស៊ីនតោនឲ្យដឹងថា “យើងគ្មានចេតនាដាក់ កងកម្លាំងអាមេរិក ឬកងកម្លាំងណាតូ នៅក្នុងអ៊ុយក្រែននោះទេ ប៉ុន្តែខ្ញុំបាននិយាយថា នឹងមានផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្លាស់ទីទាហានរុស្ស៊ី ចូលទៅក្នុងអ៊ុយក្រែន” ។

ការកត់សម្គាល់របស់លោក បៃដិន បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានដាក់ទាហានអាមេរិកចំនួន ៨៥០០ នាក់ ឱ្យស្ថិតក្នុង “ការបង្កើនការត្រៀមខ្លួន ដើម្បីដាក់ពង្រាយ” ទៅកាន់អឺរ៉ុបខាងកើត ដោយលើកឡើងពី “ការបង្កហេតុបន្តរបស់រុស្ស៊ី នៅតាមព្រំដែន របស់ខ្លួនជាមួយអ៊ុយក្រែន” ។

លោក បៃដិន បានប្រាប់អ្នកសារ ព័ត៌មានថា សកម្មភាពត្រៀមដាក់ពង្រាយ គឺជា “ប្រតិបត្តិការរបស់អង្គការណាតូ” ជាជាង “ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក តែមួយគត់” ហើយថា វាគឺជាការបង្ហាញពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកាតព្វកិច្ចការពារជាតិរួមមាត្រា៤ របស់ណាតូ ។

ផ្ទាំងពាណិជ្ជកម្ម

លោកប្រធានាធិបតីបានលើកឡើងថា ប្រសិនបើលោកពូទីន “បន្តបង្កើតកងកម្លាំងរុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ឬប្រសិនបើលោកនឹងផ្លាស់ទី កងទ័ពចូលទៅក្នុងអ៊ុយក្រែន សហរដ្ឋអាមេរិកនឹង ពង្រឹងកងទ័ពរបស់ខ្លួន”។

នៅពេលសួរថា តើលោកកំពុងពិចារណា ដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ី ដោយផ្ទាល់ ឬអត់ ប្រសិនបើលោកបញ្ជា ឱ្យមានការឈ្លានពានអ៊ុយក្រែននោះ លោក បៃដិន បានលើកឡើងថា “បាទ ខ្ញុំនឹងធ្វើបែបនេះ” ៕

ដោយ ឈូក បូរ៉ា

To Top
×