បាងកក៖ របបយោធាមីយ៉ាន់ម៉ា បានព្រមានប្រជាជនប្រឆាំង នឹងការចូលរួមក្នុងការតវ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ដែលជាខួបលើកទីមួយនៃ ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។
យោងតាមសារព័ត៌មាន Laprensa Latina ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពបានប្រាប់ EFE ថា នៅទីក្រុងយ៉ាំងហ្គោន ដែលមានប្រជាជនច្រើនជាងគេ បំផុតរបស់ប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរបានធ្វើដំណើរទៅសង្កាត់នានា ហើយបានព្រមានជាសាធារណៈថា ពួកគេអាចត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បត្តិរបស់ ពួកគេត្រូវបានរឹបអូស ប្រសិនបើពួកគេចូលរួមក្នុងកូដកម្ម។
ក្រុមប្រឆាំងបានហៅការតវ៉ា ដោយសន្តិវិធីជាបន្តបន្ទាប់ នៅទូទាំងប្រទេស រួមទាំងការធ្វើកូដកម្មដោយស្ងាត់ៗ ដែលចង់ធ្វើឲ្យប្រទេសនេះគាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយកាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃពុធ របបយោធាក៏គំរាមប្រើប្រាស់ច្បាប់ជាច្រើន ដែលបង្កប់ន័យការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលយូរ ប្រឆាំងនឹងអ្នកដែលចូលរួម ក្នុងកូដកម្មស្ងៀមស្ងាត់ ឬអ្នកដែលពាក់ព័ន្ធនឹងការគោះឆ្នាំង និងគោះខ្ទះ ចុចស៊ីផ្លេរថយន្ត។
សេចក្តីជូនដំណឹងជាផ្លូវការបាននិយាយថា «ប្រជាជននឹងប្រឈមមុខនឹង ចំណាត់ការផ្លូវច្បាប់បើពួកគេ អនុវត្តតាមការញុះញង់បែបនេះ» ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
