ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញផែនការយោធា នៅក្នុងប្រទេស គុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាមួយមេដឹកនាំ នៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា ដើម្បីបង្កើតភាពជាដៃគូក្នុងវិស័យជាច្រើន រួមទាំងការបង្កើន កិច្ចសហប្រតិបត្តិការយោធាផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃពុធនៅក្នុងការ បង្ហាញខ្លួននៅមុខសភាឌូម៉ា របស់រុស្ស៊ី លោក Lavrov បានរាយការណ៍ថា ថ្មីៗនេះ លោក Vladimir Putin បាននិយាយជាមួយមេដឹកនាំនៃ ប្រទេសទាំងបីនៅអាមេរិកកណ្តាលហើយថា មេដឹកនាំប្រទេសទាំង៣ បានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរបស់ពួកគេ។

សូមជម្រាបថា កាលពីដើមខែនេះ អនុរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergey Ryabkov ត្រូវបានសួរអំពីលទ្ធភាព នៃការបញ្ជូនកងទ័ពទៅកាន់ អាមេរិកឡាទីន ហើយលោកបានបដិសេធ មិនច្រានចោលនូវលទ្ធភាពនេះ នោះទេ។ លោកបាននិយាយថា “វាជារចនាបទរបស់អាមេរិក ដែលមានជម្រើសជាច្រើន សម្រាប់គោលនយោបាយការបរទេស និងយោធារបស់ខ្លួន។ នោះជាមូលដ្ឋានគ្រឹះនៃឥទ្ធិពល ដ៏មានឥទ្ធិពលរបស់ប្រទេសនោះ នៅក្នុងពិភពលោក” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top