អ្នកសរសេរប្រវត្តិសាស្ត្រ ប្រហែលលែងកំណត់ Mikhail Gorbachev ថាជាអ្នកដែលបានធ្វើឱ្យសហភាពសូវៀតរលំរលាយ តែ Putin វិញទេ ដែរបានរុញ រុស្សីឱ្យឆ្ពោះទៅកាន់ភាពវិនាសហិនហោច បាត់កិត្យានុភាពជាតិ បន្ទាប់ពីជនកំណាច Staline នោះ ។
ការបំផុសសង្គ្រាម រុស្សី-អ៊ុយក្រែន លើកនេះគឺ Putin ជាអ្នកដែលបានប្រែក្លាយ ប្រជាជាតិអ៊ុយក្រែន ឱ្យក្លាយទៅជាពួក Mujaheddin-Ukraine ដោយអំពើកំហឹង ឈឺចាប់ទៅនឹងការឈ្លាពានកាន់កាប់ និងភាពវិនាសហិនហោច ដោយអំណាចវាយប្រហារ របស់កងកម្លាំងរុស្សី មកលើ ទឹកដីអ៊ុយក្រែន នាពេលនេះ ! ។
ជាការពិត ពួកអ្នកយុទ្ធសាស្ត្រយោធារបស់ សេតវិមាន បានមើលឃើញចំណុចក្តៅមួយនេះ យូរមកហើយ ហើយសូម្បីតែលោក Putin ក៏បានដឹងដែរក្នុង ២០ឆ្នាំមុន នូវសន្លឹកបៀរអាត់សំរាប់អុក រុស្សី ឆ្លងតាមរយៈ សំណេរស្តីពី The Grand Chessboard របស់ លោកទីប្រឹក្សា Zbigniew Brzezinski ! ។ ដោយកត្តាភូមិសាស្រ្ត-ប្រវត្តិសាស្ត្រ ពួកយុទ្ធសាស្ត្រអាមេរិកបានយកទីលាន Kiev ធ្វើជាកន្លែងបូជាយ័ញ សំរាប់សាកល្បងអូសទាញ រុស្សី ឱ្យធ្លាក់រណ្តៅអន្តរាយ
ព្រោះពួកលោកខាងលិច ទាំងមូលដឹងថា គ្មានកម្លាំងអាទិទេព ណាមួយដែលអាចផ្តួលរំលំ រុស្សី បានទ្បើយ ដោយប្រទេសមួយនេះ មានអនុភាពនុយក្លែអ៊ែរ មានតែយក Ukraine ដែលជាប្រទេសមានទំនាស់ក្នុងប្រវត្តិសាស្ត្រ ជាមួយ រុស្សី ទើបមានភាពងាយស្រួល យកធ្វើជា នុយបំផ្លាញ រុស្សីទៅ ។
Ukraine ជាប្រទេសមួយ ដែលមានវិសាលភាពទឹកដីធំ មានប្រជាជនច្រើន មានប្រវត្តិសាស្ត្រមួយ ដ៏ខ្មៅងងិត ជាមួយជនជាតិរុស្សី តាំងពីសម័យកាល របស់ Lenin រហូតដល់ Staline ដែលក្នុងរជ្ជកាលរបស់ Staline បានសម្លាប់ជនជាតិ អ៊ុយក្រែន អស់ជាង៤លាននាក់ ដែលក្នុងប្រវត្តិសាស្ត្រ ហៅព្រឹត្តិការណ៍មួយនេះ ថា Hololumor នោះ ។ ទើបបន្ទាប់ពីការដួលរលំ ប្រព័ន្ធសង្គមនិយម ដែលមានសហភាពសូវៀត ជាបងធំមក Ukraine បេ្តជាចូល EU និង Nato ឱ្យបានដើម្បីជាកម្លាំងសមតា ផង និងដោយកត្តា ស្អប់ និង ខ្លាចស្រមោល កម្មុយនិស្តរុស្សី តាមលងទៀតផង ។
ការសំរេចជ្រើសរើសយក Ukraine ធ្វើជាទីកន្លែងបដិវត្តន៏ពណ៏ ដោយកម្លាំងអាវុធដោយ Ukraine មានទីតាំងភូមិសាស្ត្រ ជាប់និង Poland ហើយ Poland ជាប្រទេសប្រឆាំង រុស្សី ដាច់ខាត ទើបពេលមានបញ្ហានៅ អ៊ុយក្រែន Poland ប្រែក្លាយទៅជាទឹកដីពិសិដ្ឋ សំរាប់ការដឹកជញ្ជូនអាវុធ ស្បៀង ជួយដល់កម្លាំងប៉ះបោរនៅ អ៊ុយក្រែន ក្នុងករណីមានហេតុការណ៏អាក្រក់នោះ។ ផែនការមួយនេះ ត្រូវបានពួកនេះ យុទ្ធសាស្ត្រយោធាហៅថា ត្រីកោណ Weimar ដែលមានប្រទេសបីជាប់គ្នា គឺ អាលឺ្លម៉ង់-បារាំង-ប៉ូទ្បូញ ដោយយកប្រទេសបីនេះ ធ្វើជារបៀងយុទ្ធសាស្ត្រ ជាប់និង Ukraine ទៅ។
មានសង្គ្រាមជាច្រើន ដូចជាការបើកយុទ្ធានាការ វាយចូល Afghanistan, Iraq , Libya , Syria ល។ល។ របស់ អាមេរិកសុទ្ធតែត្រូវបានពួកលោកខាងលិច បែរខ្នងមិនគំាទ្រ ! ក៏ប៉ុន្តែនេះជាលើកដំបូង ដែលមានសង្គ្រាម រុស្សី-អ៊ុយក្រែន បានក្លាយទៅជា hot-spot របស់ពិភពលោក ហើយដែលមានការគាំទ្រ យ៉ាងពេញទំហឹងពីលោកខាងលិច ។ មូលបទចម្បងដែលនំាអោយមានការ យកចិត្តទុកដាក់ និងមានការគាំទ្រ ដោយនេះជាការរៀបចំ របស់ក្រុម Bilderberg ក្នុង ២០ ឆ្នាំមុនមកម្លេះ ។ លោក Putin បានដឹងថា នេះជាអន្ទាក់របស់ ពួកលោកខាងលិច តែលោកត្រូវឆ្លើយតបព្រោះពួកនេះ បានរុញ Putin ថយដល់មាត់ជ្រោះ ទៅហើយនោះ! ។ ជារឿងមួយអសា្ចរ្យផងដែរគឺលើកដំបូង ដែលក្នុងសង្គ្រាមមួយនេះ មានការចូលរួមច្រើនពីកម្លាំង ព័ត៍មានវិជ្ជានិង ពួក Hackers ។
សង្គ្រាមមួយនេះ ហាក់បីមិនដល់មួយអាទិត្យផង ចាប់ឃើញមានសញ្ញាអវិជ្ជមាន ច្រើនថា រុស្សី មិនអាចយកឈ្នះទាំងស្រុងមកលើ អ៊ុយក្រែន បានដូចការគ្រោងទុក ជាមុនរបស់ខ្លួន ។ តាមការវិភាគរបស់ពួកយុទ្ធាសាស្ត្រយោធា គឺរុស្សី ឥតទាន់មានបទពិសោធន៏ ក្នុងសង្គ្រាមទំនើប ( modern Warfare ) បើប្រៀបធៀបទៅនឹង អាមេរិកនិងអង់គ្លេស ពិតមែនតែរុស្សី មានអាវុធទំនើបច្រើន តែក្បួនយុទ្ធសាស្ត្រ វាយសំរុកចូលរបស់ពលទាហានតាមផ្លូវគោគ និង ការវាយនៅក្នុងទីក្រុង ការកាន់កាប់ក្រុង និងការបោសសំអាតខ្មាំង នៅក្នុងក្រុង គឺទ័ពរុស្សី ឥតទាន់មានបទពិសោធន៏ច្រើន ម្យ៉ាងទៀត ក្នុងករណី រុស្សី កាន់កាប់បានក្រុង Kiev ក៏កងទ័ពរុស្សី ប្រឈមខ្លាំងទៅនិងកម្លាំងប្រជាជនអ៊ុយក្រែន ងើបទ្បើង ធ្វើការតវ៉ាប៉ះបោរ និងរួមតាំងការធ្វើសង្គ្រាមឈ្លប គួបផ្សំទៅនិងសម្ពាធក្នុងស្រុក និងសម្ពាធខាងក្រៅស្រុក ដែលក្នុងនោះ កត្តាសេដ្នកិច្ចបន្តធ្លាក់ចុះ សំរែកប្រជាជនរុស្សី ដោយផ្ទាស់ផង បាននិងកំពុងតាមលង រុស្សី ក្នុងគ្រប់វិនាទីនោះ អាចនិងរុញឱ្យរុស្សី ធ្លាក់ទៅក្នុងស្ថានការណ៏ អាយតនភាព ម្តងទៀត ដូចក្នុងសមយ័កាលរបស់បណ្តាឆ្នាំ ១៩៩១ ដែលទីក្រុង Moscow ទាំងមូល ជាទីរហោស្ថាន គ្មានអ្វីទាំងអស់ ! នាំដល់ Gorbachev ប្រកាសរំសាយ សហភាពសូវៀត ចាប់ពីពេលនោះទៅ។
អាចជាការគិតខុស ក្នុងការវាយតម្លៃមកលើ ពួកលោកខាងលិច មិនបានគ្រប់ជ្រុងជ្រោយ. ! នៅពេលដែល រុស្ស៊ី ទ្បើងផែនការណ៏ វាយអ៊ុយក្រែននោះដោយពួក Policy-makers របស់វិមាន Kremlin ជឿជាក់ថា រុស្សី មានឧត្តមភាព យោធា លើសកម្លាំង អ៊ុយក្រែន ហើយជឿថា ពួក NATOនិងមិនបញ្ជូនទ័ពមកជួយ អ៊ុយក្រែនទេ និងមានការជឿថា ពួក អឺរ៉ុបខាងលិច នៅរណប និង ត្រូវការរុស្ស៊ី លើផ្នែក ឧស្ម័ន-ហ្គាស ពិសេសគឺ អាលឺម្ល៉ង់និងបារាំង តែជាអកុសល សង្គ្រាមមួយនេះបានប្រែក្លាយទៅជាសង្គ្រាមរវាង រុស្ស៊ី និងពួកលោកខាងលិចវិញ ដែលសហនិមិត្ត ហេតុនយោបាយមួយនេះ ត្រូវបានប្រគុំភ្លេង ទៅដោយអំណាចស្រមោល Illuminaties នោះ ។
ក្តាអុកនយោបាយពិភពលោក និងមានសុខសន្តិភាព នៅពេលដែល ប្រែក្លាយ Ukraine ទៅជាប្រទេស អាព្យាក្រិត្យ ដែលមានឋានៈជាតំបន់ត្រនាប់ ( Buffers Zone ) ទើបរកឃើញសេចក្តីសុខ ហើយសុបិន្តចង់ចូល NATO របស់ អ៊ុយក្រែន លែងមានទៀត ដូច Henry Kissinger បាននិយាយ៨ឆ្នាំមុននោះ។
សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃនេះ មានសារៈប្រយោជន៍ខ្លាំងណាស់ សំរាប់ អាមេរិក ជប៉ុន និងចិនប្រជាមានិត ព្រោះប្រទេសបីនេះ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគ្រប់វិនាទី នៅក្បួនទ័ពយុទ្ធសាស្ត្រ ក្នុង ការបញ្ជាទ័ព ការចល័តទ័ព ពិសេសលើផ្នែកភស្តុភា និងដឹកជញ្ជូន សំរាប់ជាការដកពិសោធន៍ ក្នុងផែនការទប់ទល់ទៅ និង អនុភាពរបស់ រុស្សី ក្នុងអនាគត នោះ។ ជារួម រុស្ស៊ីខ្លាំង លើវិស័យទ័ពអាកាស កាំភ្លើងធំ កងរថក្រោះ តែទ័ពថ្មើជើង នៅពុំមែនជាកម្លាំងទ័ពស្រួច មានបទពិសោធន៏ច្រើន ក្នុងការប្រយុទ្ធក្រៅពីកងទ័ពឆ័ត្រយោងមួយចេញ។
ដំណើរការ កិច្ចចរចារពីរដង គ្រាន់តែជាវិធានការ ក្នុងការស្ទាប់ស្ទង់គ្នានៅទ្បើយ ព្រោះភាគីទាំងពីរ នៅតែចាត់ទុក ការធ្វើម្ចាស់ នៅលើសមរភូមិ ជាឧត្តមភាព ក្នុងកម្លាំងសម្ភាធនៅលើតុចរចា៕
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ