គៀវ៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅខេត្ត Antalya ភាគខាងត្បូងនៃប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាការទូត Antalya ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន អ្នកការទូតបានកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើង ក្នុងទម្រង់ត្រីភាគី ដែលជាផ្នែកមួយនៃ “កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា” របស់ប្រទេសតួកគី ដើម្បីនាំភាគីទាំងពីរមកជាមួយគ្នា។
លោក Cavusoglu បានលើកឡើងថា “រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងវេទិកាការទូត Antalya ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា លោក Lavrov និង លោក Kuleba កំពុងរៀបចំផែនការ “ទំនាក់ទំនង” នៅក្នុងទីក្រុង Antalya ហើយកិច្ចប្រជុំត្រូវបានយល់ព្រម ដោយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ។
លោក Erdogan ត្រូវបានដកស្រង់សម្តី នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ប្រធានាធិបតីតួកគី ដែលបានលើកឡើងថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកក្នុងការ ដោះស្រាយវិបត្តិអ៊ុយក្រែន ដោយសន្តិវិធីឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ឈូក បូរ៉ា