ព័ត៌មានអន្តរជាតិ

Update: យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បាញ់កម្ទេចទីតាំងមីស៊ីលរបស់អ៊ុយក្រែន ពីកម្ពស់ ៣ពាន់ម៉ែត្រ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលខ្លួនបញ្ចេញវីដេអូ នៃបេសកកម្មថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ព អាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ ច្រើនរបស់អ៊ុយក្រែន ដោយវាយប្រហារវាដោយគ្រាប់ មីស៊ីលនាំផ្លូវពីរយៈកម្ពស់ 3 000 ម៉ែត្រ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពគឺបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់រុស្សីហោះចេញពីអាកាសយានដ្ឋាន បង្ហាញគ្រាប់បាញ់រ៉ុក្កែតបាញ់ចំគោលដៅ។ សព្វាវុធផ្នែករឹងរបស់អ៊ុយក្រែនបន្ទាប់មកបានព្យាយាមចាកចេញពីទីតាំងបាញ់ប្រហារ ប៉ុន្តែត្រូវបានវាយប្រហារមុន ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបន្ថែម​ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះគ្មានមនុស្សបើកដែលពាក់ព័ន្ធនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានប្រើសម្រាប់ការឈ្លបយកការណ៍ ដំណើរការបាញ់ប្រហារទាំងលើផ្ទៃទឹក និងការវាយប្រហារតាមអាកាស។

ចាប់តាំងពីថ្ងៃទី 24 ខែកុម្ភៈមក កងកម្លាំងរុស្ស៊ីអះអាងថា បានវាយប្រហារដោយជោគជ័យលើគោលដៅយោធាអ៊ុយក្រែនជិត 3 700 ។ ចំណែករដ្ឋាភិបាលទីក្រុង គៀវ មិនបានផ្តល់ទិន្នន័យណាមួយអំពីគោលដៅយោធាដែលរងការវាយប្រហារដោយកងកម្លាំងរុស្ស៊ីទេ ប៉ុន្តែជំនួសមកវិញថា ទាហានអ៊ុយក្រែនប្រហែល 1 300នាក់ បានស្លាប់ក្នុងជម្លោះរហូតមកដល់ពេលនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top