ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្តែងការព្រួយបារម្ភ អំពីច្បាប់របស់អ៊ីស្រាអែល ដែលរារាំងការជួបជុំ គ្រួសារប៉ាឡេស្ទីន

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ ចំពោះច្បាប់អ៊ីស្រាអែល ដ៏ចម្រូងចម្រាស ដែលបដិសេធសញ្ជាតិ ឬការស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ប៉ាឡេស្ទីន ពីតំបន់ West Bank ឬ Gaza ដែលបានរៀបការ ជាមួយពលរដ្ឋអ៊ីស្រាអែល។

សភាអ៊ីស្រាអែល បានបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីបន្តច្បាប់ស្តីពីសញ្ជាតិ ដែលត្រូវបានអនុម័តជាលើកដំបូង ក្នុងឆ្នាំ២០០៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Guterres បានលើកឡើងថា លោកអគ្គលេខាធិការ បាននឹងកំពុងតាមដានបញ្ហាដ៏យូរនេះ ហើយបានកត់សម្គាល់ ពីការបោះឆ្នោតរបស់ សភា Knesset ដើម្បីអនុម័តបទបញ្ជាបណ្តោះអាសន្ន ដែលអនុវត្តច្បាប់ សម្រាប់រយៈពេល ១២ខែ។

លោក Haq បានបន្ដថា “លោកអគ្គលេខាធិការ មានការព្រួយបារម្ភ អំពីផលប៉ះពាល់នៃច្បាប់ ស្តីពីគ្រួសារប៉ាឡេស្ទីន ដែលស្វែងរក ការបង្រួបបង្រួមឡើងវិញ នៅអ៊ីស្រាអែល និងយេរ៉ូសាឡឹមខាងកើត ហើយក្នុងទំនាក់ទំនងនេះ គូសបញ្ជាក់ពីការព្រួយបារម្ភពាក់ព័ន្ធ ដែលបង្ហាញ ដោយស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នាពេលកន្លងមក”។

លោកអគ្គលេខាធិការអំពាវនាវ ជាពិសេសដល់អ៊ីស្រាអែល ឱ្យធានាថាច្បាប់ក្នុងស្រុករបស់ខ្លួន គោរពគោលការណ៍សមភាព ការមិនរើសអើង និងសមាមាត្រ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជួយសម្រួលបន្ថែមទៀត ដល់ការបង្រួបបង្រួមគ្រួសារ នៃពលរដ្ឋទាំងអស់ និងអ្នករស់នៅអចិន្ត្រៃយ៍ របស់អ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top