“ក្នុងប្រទេសស៊ីរី ពិភពលោកទាំងមូល បានមើលឃើញដោយផ្ទាល់ភ្នែក នូវការសម្លាប់រង្គាល ចំពោះជនជាតិទាំងមូល ហើយប្រទេសលោកខាងលិចជាច្រើន បានចូលរួមក្នុងហេតុការណ៍នោះ ប៉ុន្តែនៅអ៊ុយក្រែន ស្ទើរតែប្រទេស លោកខាងលិចទាំងអស់ កំពុងការពារប្រជាជន របស់ប្រទេសនេះ ។” នាពេលថ្មីៗកន្លងទៅនេះ លោក Anas Abda អ្នកទទួលខុសត្រូវ នៃគណៈកម្មាធិការចរចាស៊ីរី បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានថា លោកមានការខឹងសម្បា និងខកចិត្តយ៉ាងខ្លាំង ចំពោះ “ស្តង់ដារពី” របស់ប្រទេសលោកខាងលិច ។
សូមបញ្ជាក់ថា ថ្ងៃទី១៥ ខែមីនា ឆ្នាំនេះ គឺជាខួបទី១១ នៃការផ្ទុះវិបត្តិស៊ីរី ។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយដោយអង្គការ សហប្រជាជាតិបានឱ្យដឹងថា ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក មានមនុស្សយ៉ាងហោចណាស់ ៣៥ ម៉ឺននាក់ បានបាត់បង់ជីវិត មនុស្សជាង ១២ លាននាក់ គ្មានទីជម្រកជាច្រើន លើកច្រើនសារ ហើយជនស៊ីវិលចំនួន ១៤ លាននាក់ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ។
លោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យបណ្តាភាគីនានា ធ្វើប្រតិបត្តិការជាក់ស្តែង ដើម្បីពន្លឿនដំណើរនយោបាយ និងបញ្ចប់ទុក្ខវេទនារបស់ប្រជាជនស៊ីរី ដែលបានដំណើរការ អស់រយៈពេល ១១ ឆ្នាំ ។
យ៉ាងណាមិញ ការអំពាវនាវរបស់លោក António Guterres មិនបានទទួលការ យកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ប្រទេសលោកខាងលិចនោះទេ ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានផ្តោតសំខាន់ទៅលើអ៊ុយក្រែន ។
បើប្រៀបធៀបនឹងភាពអាត្មានិយម និងគ្មានចិត្តធម៌របស់ពួកគេ ដែលខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីបដិសេធមិនព្រមទទួលយក ជនភៀសខ្លួនមកពីតំបន់នានា ដូចជាស៊ីរីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសលោកខាងលិច បែរជាបានបង្ហាញពីការអាណិតអាសូរយ៉ាងខ្លាំង ចំពោះជនភៀសខ្លួនរបស់អ៊ុយក្រែន ។
ឧទាហរណ៍ដូចជា មេដឹកនាំនៃប្រទេសអឺរ៉ុបមួយរូប បានបង្ហាញអាកប្បកិរិយា នាពេលថ្មីៗកន្លងទៅនេះថា “ជនភៀសខ្លួនរបស់អ៊ុយក្រែនទាំងនេះ មានភាពខុសគ្នានឹងអ្នកទាំងនោះ ដែលយើងបានទាក់ទងគ្នាពីមុនមក ពួកគេសុទ្ធតែជាជនជាតិអឺរ៉ុប និងទទួលបានការអប់រំ ។
ឯក្នុងរលកជនអន្តោប្រវេសន៍ នៅកាលពីមុន មនុស្សមួយចំនួន ប្រហែលជាពួកភេរវជន ។ល។” ពាក្យសម្តីទាំងនេះ មិនត្រឹមតែបានលាតត្រដាង នូវទស្សនៈលម្អៀង ខាងពូជសាសន៍ និងភាពក្រអឺតក្រទម របស់សហរដ្ឋអាមេរិក និងបស្ចិមប្រទេស ដែលបានចាក់ឬសយ៉ាងមាំ ក្នុងផ្នត់គំនិតរបស់មនុស្ស ជាយូរណាស់មកហើយប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្ត “ស្តង់ដារពីខាងមនុស្សធម៌” ចំពោះជនភៀសខ្លួន ហើយក៏ជាការបង្កផលប៉ះពាល់ម្តងទៀត ចំពោះជនភៀសខ្លួន នៅមជ្ឈិមបូព៌ាផងដែរ ។
គួររំលឹកថា បន្ទាប់ពីបញ្ចប់សង្គ្រាម នៅអាហ្វហ្កានីស្ថាន អស់រយៈពេល ២០ ឆ្នាំមក កងទ័ពអាមេរិក បានធ្វើការសម្លាប់រង្គាល នៅអាហ្វហ្កានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិលចំនួន ៤ ម៉ឺន ៧ ពាន់នាក់បានស្លាប់បាត់បង់ជីវិត ។
យោងតាមទិន្នន័យរបស់អង្គការ សហប្រជាជាតិបានបង្ហាញថា ប្រជាជនក្នុងប្រទេសអាហ្វហ្កានីស្ថាន ប្រហែល ៣ លាន៤ សែននាក់ ត្រូវព្រាត់ប្រាស់និរាស ស្រុកកំណើតរបស់ខ្លួន ។
កាលពីខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកទ័ពចេញពីអាហ្វហ្កានីស្ថាន យ៉ាងប្រញាប់ប្រញាល់ បានបន្សល់ទុកនូវប្រជាជន ចំនួន ២៣ លាននាក់ ដែលបាននិងកំពុងរង ភាពអត់ឃ្លាន ក្នុងនោះ មានមនុស្ស ៩៥ ភាគរយមិនអាចទទួលបាន ការហូបចុកប្រចាំថ្ងៃ គ្រប់គ្រាន់នោះទេ ។
ទោះយ៉ាងនេះក្តី ក៏សហរដ្ឋអាមេរិក នៅតែលេបយកទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជីវិត របស់ប្រជាជនអាហ្វហ្កានីស្ថាន ចំនួន ៧ ពាន់លានដុល្លារអាមេរិក ដោយមិនចេះអៀនខ្មាស ។
គួរបញ្ជាក់ផងដែរថា ចាប់ពីវិបត្តិស៊ីរីកាលពី ១១ ឆ្នាំមុនរហូតដល់វិបត្តិអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ វាសនារបស់ពួកជនភៀសខ្លួន គួរឱ្យឈឺចាប់ណាស់ ។
អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មាន របស់អាមេរិក និងលោកខាងលិច ដែលតែងតែឃោសនាបំប៉ាង ពីសមភាពនិងយុត្តិធម៌ទាំងនោះ គួរលះបង់ចោលភាពក្រអឺតក្រទម និងទស្សនៈលម្អៀងរបស់ពួកគេ ក៏ដូចជាប្រកាន់ឥរិយាបថ ត្រឹមត្រូវចំពោះទុក្ខវេទនា និងការចោទប្រកាន់ របស់ជនភៀសខ្លួន នៅមជ្ឈិមបូព៌ា ហើយបញ្ឈប់លេងកលល្បិច ដែលអនុវត្ត”ស្តង់ដារពីរ”ភ្លាម !