ព័ត៌មានអន្តរជាតិ

Update: អង់គ្លេស បញ្ជូនមីស៊ីល ការពារអាកាស និងយោធាជាង១០០នាក់ ទៅប៉ូឡូញ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស លោក Ben Wallance កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា អង់គ្លេស នឹងធ្វើការដាក់ ពង្រាយប្រព័ន្ធមីស៊ីលការពារ ដែនអាកាស ប្រភេទ Sky Sabre ជាច្រើននៅក្នុងប្រទេសប៉ូឡូញ ដើម្បីឆ្លើយតបទៅនឹងការលុកលុយ របស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Wallace ដែលបានថ្លែងការណ៍ នៅក្នុងកម្មវិធីមួយនាទីក្រុង Warsaw ដែលក៏មានវត្តមាន របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ូឡូញ Mariusz Blaszczak ថា៖ពួកយើងនឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីលចំងាយមធ្យម Sky Sabre ទៅកាន់ប្រទេសប៉ូឡូញតាមការសន្យា ព្រមជាមួយនឹងយោធា ប្រមាណជា១០០នាក់ផងដែរ។

លោក Wallace បន្ថែមថាការសម្រេចចិត្តលើកនេះ នឹងអាចជួយទៅដល់ប្រទេសប៉ូឡូញ ក្នុងការពង្រឹកសមត្ថភាព ការពារជាតិការពារដែនអាកាសរបស់ខ្លួន ប្រសិនបើមានករណី វាយប្រហារណាមួយបន្ថែមទៀត ពីសំណាក់ប្រទេសរុស្សី។

លោក Blaszczak បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងឡុងពីព្រោះថាកន្លងមកយោធាអង់គ្លេសប្រមាណជា៣៥០នាក់មកហើយដែលមានវត្តមាននៅប៉ូឡូញ
ហើយប្រមាណជា១០០ទៀតជាកងវិស្វកម្មជំនាញរបស់យោធាដែលកំពុងមានវត្តមាននៅព្រំដែនប៉ូឡូញនិងបេឡារូស៕

ប្រែសម្រួល៖ស៊ុនលី

To Top