ព័ត៌មានអន្តរជាតិ

Updated៖ រដ្ឋមន្ត្រីការបរទេសតួកគី និងអ៊ុយក្រែន កំពុងរៀបចំកិច្ចប្រជុំ រវាងលោក ពូ ទីន និងលោក Zelensky

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងសមភាគីតួកគី ដែលកំពុងបំពេញ ទស្សនកិច្ច លោក Mevlut Cavusoglu ក្នុងអំឡុងកិច្ចពិភាក្សា របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមផ្តោតលើការរៀបចំ កិច្ចប្រជុំរវាងប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax របស់អ៊ុយក្រែនបាន ផ្សាយឲ្យដឹងយ៉ាងដូច្នេះ ។

លោក Kuleba បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាថា “យើងយល់ថា បញ្ហាសំខាន់ៗទាំងអស់ ដែលទាក់ទងនឹងការ បញ្ចប់សង្រ្គាមនេះត្រូវតែដោះស្រាយ ជាមួយប្រធានាធិបតីពូទីន” ។
លោកបានបញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរបស់ទីក្រុងគៀវ ដើម្បីបន្តធ្វើការលើផ្លូវការទូតទាំងអស់ ដើម្បីបញ្ចប់ការវាយលុក របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែន ។

តាមការលើកឡើងរបស់គាត់ លោក Cavusoglu បានថ្លែងថា ប្រទេសតួកគី បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងលោក Zelensky និងលោក ពូទីន ។

លោក Cavusoglu បានថ្លែងថា “ឥឡូវនេះ យើងកំពុងផ្តោតការខិតខំប្រឹងប្រែង របស់យើងលើការរៀបចំកិច្ចប្រជុំ របស់មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី” ។

គួររំលឹកថា កាលពីថ្ងៃពុធទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា លោក Zelensky អាចនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅប៉ុន្មានថ្ងៃ ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top