ព័ត៌មានអន្តរជាតិ

អង់គ្លេស សន្យាបញ្ជូនបន្ថែមនូវ មីស៊ីលប្រឆាំងរថពាសដែក ដែលផ្ទុះខ្លាំង ៦០០០ដើម ទៅឱ្យអ៊ុយក្រែន

បរទេស៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនមីស៊ីលប្រឆាំង ពាសដែកបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសសមាជិកណាតូ គ្រោងនឹងពិភាក្សាអំពីការគាំទ្របន្ថែម សម្រាប់រដ្ឋាភិបាលទីក្រុងគៀវ ចំពេលយុទ្ធនាការយោធា របស់រុស្ស៊ីនៅតែបន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡុងដ៍នឹងផ្តល់អាវុធប្រឆាំងរថក្រោះ និងមីស៊ីល ដែល “ផ្ទុះខ្លាំង” ចំនួន ៦ ០០០ដើម ព្រមទាំងជំនួយយោធាចំនួន ២៥ លានផោន (៣២,៩ លានដុល្លារ) នៅក្នុងជំនួយយោធា បន្ថែមលើអាវុធប្រឆាំងរថក្រោះជាង ៤០០០ដើម រួមទាំងមីស៊ីល Javelin និង NLAW ត្រូវបានបញ្ជូនទៅទីក្រុងគៀវរួចហើយនោះ។

ទន្ទឹមនឹងនោះ សារព័ត៌មាន BBC ក៏នឹងទទួលបានប្រាក់បន្ថែមចំនួន ៤,១ លានផោន (៥,៤លានដុល្លារ) សម្រាប់សេវាកម្មភាសាអ៊ុយក្រែន និងរុស្ស៊ីរបស់ខ្លួន និងដើម្បី “ប្រឆាំងនឹងព័ត៌មានមិនពិត អំពីសង្គ្រាមនៅអ៊ុយក្រែន” ។ និយតករប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Roskomnadzor បានចោទប្រកាន់ BBC ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីយុទ្ធនាការយោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ហើយបានបិទការចូលទៅកាន់គេហទំព័រ របស់ខ្លួនកាលពីដើមខែមីនា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top