ព័ត៌មានអន្តរជាតិ

Update៖ ករណីក្រឡាប់ លិចនាវានៅឥណ្ឌូនេស៊ី មនុស្ស ២៥នាក់កំពុងបាត់ខ្លួន ខណៈក្រុមរុករកកំពុងបន្តស្វែងរក

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា ស្វែងរកកំពុងបន្តសម្រាប់មនុស្ស ២៥នាក់ ដែលនៅមិនទាន់រកឃើញ បន្ទាប់ពីនាវា ១គ្រឿងដែលមានមនុស្សប្រហែល ៤២នាក់នៅលើនោះ បានលិចនៅក្នុងទឹក នៅក្នុងខេត្ត Sulawesi ភាគខាងត្បូង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី ។

នាវានេះបានក្រឡាប់លិចនៅម៉ោង ១៣និង០០នាទី ម៉ោងក្នុងស្រុកនៅក្នុងច្រកសមុទ្រ Makassar កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែឧបទ្ទវហេតុនេះត្រូវបានរាយការណ៍ ទៅការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត កាលពីថ្ងៃសៅរ៍ម្សិលមិញ នេះបើតាមសម្តីរបស់លោក Wahid D.J. មន្ត្រីជាន់ខ្ពស់នៅការិយាល័យ បានប្រាប់ឲ្យដឹងដូច្នេះ ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា “បន្ទាប់ពីទទួលបានព័ត៌មានថ្ងៃនេះ យើងបានដាក់ពង្រាយបុគ្គលិក និងឧបករណ៍របស់យើងភ្លាមៗ ទៅកាន់កន្លែងកើតហេតុ ដើម្បីបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះ” ។

មន្ត្រីរូបនេះបានលើកឡើងថា “អ្នកជួយសង្គ្រោះប្រហែល៤៥នាក់ និងនាវាមួយបានទៅដល់កន្លែង រួចហើយនៅជិតកោះតូចមួយ” ។ ដោយបានបន្ថែមថា យន្តហោះ ឬគ្រឿងចក្រនឹងត្រូវបញ្ជូន ទៅចូលរួមការស្វែងរកនោះ ។ មកទល់ពេលនេះ មនុស្ស ១៧នាក់ នៅលើនាវាដែលជួបគ្រោះ អកុសលត្រូវបានជួយសង្គ្រោះ ។

យោងតាមការលើកឡើងរបស់គាត់ នាវាបានរងបញ្ហាម៉ាស៊ីន នៅពេលដែលវាត្រូវបានវាយប្រហារ ដោយរលកដ៏ធំនៅក្នុងច្រកសមុទ្រ បន្ទាប់ពីចាកចេញពីកំពង់ផែ Paotere ក្នុងទីក្រុង Makassar រដ្ឋធានីនៃខេត្តនេះ។ វានាកំពុងធ្វើដំណើរទៅកាន់ កំពង់ផែសមុទ្រក្នុងស្រុក Pangkajene ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top