ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រសិទ្ធភាពជាវិជ្ជមាន ដែលប្រទេសចិនទទួលបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បង្ហាញពីឧត្តមភាពខាងប្រព័ន្ធរបបរបស់ចិន

នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យមួយចំនួនដែលចេញផ្សាយ ដោយប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកប្រហែល “កំពុងស្ថិតក្នុងការកើនឡើង យ៉ាងគំហុកនៃករណីឆ្លងជំងឺកូវីដ ១៩ ដោយស្ងៀមស្ងាត់” ។ ស្របពេលជាមួយគ្នានេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ រលកថ្មីនៅទីក្រុងប៉េកាំង និងសៀងហៃនៃប្រទេសចិន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដែលទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ ប្រការទាំងនេះផ្ទុយស្រឡះពីប្រសិទ្ធភាព ដែលអាមេរិកទទួលបានក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពោលគឺ អាមេរិកកំពុងអនុវត្តវិធានការ អវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចំណែកឯចិនវិញបាននិងកំពុងប្រកាន់ខ្ជាប់ នូវយុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម ហើយក៏ជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ នៃកម្មវត្ថុប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងចំនួនពីរខុសគ្នាស្រឡះផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីបានផ្ទុះជំងឺកូវីដ ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបនៅអាមេរិកបានលើសពី ១ លាននាក់ ហើយកុមារអាមេរិកប្រហែល ២០ ម៉ឺននាក់បានក្លាយជា “កុមារកំព្រាដោយសារកូវីដ ១៩ “ដែលបណ្តាលឱ្យគ្រួសារអាមេរិក ជាច្រើនរាប់មិនអស់បាត់បង់សាច់ញាតិ។ មូលហេតុពីឬសគល់ដែលបណ្តាលឱ្យ កើតមានសោកនាដកម្ម គួរឱ្យអាណិតអាសូរនេះ គឺ ស្ថិតនៅលើវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃ ជំងឺឆ្លងរបស់អាមេរិកដែលបាន បម្រើដល់ការតម្កល់ទុក “ប្រាក់ទុនជាអាទិភាព” និងតម្កល់ទុក “ផលប្រយោជន៍នយោបាយ ផ្ទាល់ខ្លួនជាអាទិភាព” ជាប់រហូតមក ។ ដោយឡែកធាតុពិតនៃ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩របស់អាមេរិក គឺ ការធ្វើព្រងើយកន្តើយមិនអើពើ យ៉ាងខ្លាំងចំពោះអាយុជីវិត និងមិនបំពេញភារកិច្ចរបស់ អ្នកសម្រេចគោលនយោបាយ ។

បើប្រៀបធៀបនឹងប្រទេសអាមេរិក បក្សកាន់អំណាចនិងរដ្ឋាភិបាលរបស់ចិន ប្រកាន់ខ្ជាប់ការតម្កល់ទុក “ប្រជាជនជាចម្បង” និងតម្កល់ទុក “អាយុជីវិតជាចម្បង” ជាប់រហូតមក ក៏ដូចជាប្រកាន់ខ្ជាប់យុទ្ធសាស្រ្ត ស្តីពីសូន្យកូវីដក្នុងសង្គម ដើម្បីសម្រេចបាននូវប្រសិទ្ធភាព នៃការបង្ការនិងគ្រប់គ្រងដ៏ធំបំផុត ដោយការបង់តម្លៃយ៉ាងតិចតួចបំផុត ព្រមទាំងធានាបាននូវសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ និងសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅ ជាប្រក្រតីក្នុងកម្រិតអតិបរមា ។ នេះគឺជាការរួមចំណែកដ៏ធំបំផុតរបស់ចិន ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាសកលនិងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

នាពេលថ្មីៗកន្លងទៅនេះ លោក Tomisaka Satoshi សាស្ត្រចារ្យនៃសកលវិទ្យាល័យ Takushoku របស់ជប៉ុនបានចេញផ្សាយអត្ថបទ ដោយបានលើកឡើងថា ប្រទេសចិនមានមនុស្សចាស់ជរា ដែលមានអាយុលើសពី ៦០ ឆ្នាំចំនួន ២៦៧ លាននាក់ រីវុសបម្លែងថ្មីប្រភេទអូមីក្រុងនៅតែ មានហានិភ័យចំពោះពួកគេដដែល ។ បើសិនជាកុមារត្រូវឆ្លងជំងឺប្រហែល នឹងមានរោគបន្សល់ទុកក្នុងរយៈពេលយូរ ។ បើសិនជាចិនលះបង់ចោល យុទ្ធសាស្រ្តស្តីពីសូន្យកូវីដ ១៩ នោះ ជំងឺឆ្លងនេះប្រហែលនឹងរីករាលដាល យ៉ាងធ្ងន់ធ្ងន់នៅជនបទចិន ហើយតំបន់ទាំងនោះប្រហែលនឹង កើតមានវីរុសបម្លែងថ្មីទៀត ដូច្នេះ វានឹងបណ្តាលឱ្យកើតមាន វដ្តវិលចុះឡើងយ៉ាងអាក្រក់ ។

ការរីករាលដាលនៃ ជំងឺឆ្លងចាំបាច់ត្រូវគ្រប់គ្រងបាន ហើយក៏ត្រូវធ្វើឱ្យសេដ្ឋកិច្ចមានភាពនឹងនរផងដែរ ។ ប្រទេសចិនគ្រប់គ្រងបាននូវ ការរីករាលដាលនៃជំងឺឆ្លងមុនគេបង្អស់ បានស្តារផលិតកម្មឡើងវិញមុនគេបង្អស់ ដែលប្រការនេះក៏បានបំពេញ បន្ថែមប្រកបដោយប្រសិទ្ធភាពនូវ កង្វះខាតរវាងការផ្គត់ផ្គង់ និងតម្រូវការជាសកល ព្រមទាំងបានលំនឹងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ ។

ការពិតជាក់ស្តែងបាន បញ្ជាក់យ៉ាងពេញលេញថា ការលុបចោលវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទាំងអស់គឺ មិនអាចទទួលយកបានទេ ឯយុទ្ធសាស្រ្តស្តីពីសូន្យកូវីដ គឺ សមស្របនឹងសភាពការណ៍ជាតិ នៃប្រទេសចិននិងក្រឹត្យក្រមវិទ្យាសាស្រ្ត ដែលទទួលបានប្រសិទ្ធផលលេចធ្លោ ។ នាពេលបច្ចុប្បន្ននេះ សភាពការណ៍រាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅតែប្រឈមមុខ នឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ហេតុនេះហើយបានជា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម នេះមិនត្រឹមតែជាការទទួលខុសត្រូវ ចំពោះប្រជាជនរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវចំពោះ ប្រជាជនទូទាំងពិភពលោកផងដែរ ។

ការអនុវត្តជាក់ស្តែងក្នុងការ បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានបញ្ជាក់យ៉ាងពេញលេញថា គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនដែលប្រកបដោយវិទ្យាសាស្ត្រ និងប្រសិទ្ធភាពអាចឆ្លងកាត់ការពិនិត្យ បញ្ជាក់ពីប្រវត្តិសាស្ត្រ ដូច្នេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បង្ហាញយ៉ាងពេញលេញពីឧត្តមភាព និងកម្លាំងដ៏ខ្លាំងក្លានៃប្រព័ន្ធរបបរបស់ចិន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top