ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ព្រមានសហរដ្ឋអាមេរិក ថាខ្លួននឹងវាយប្រហារគោលដៅថ្មី បើសិនជាផ្តល់សព្វាវុធបាញ់ ចម្ងាយឆ្ងាយដល់អ៊ុយក្រែន

ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី នឹងវាយប្រហារគោលដៅថ្មី ប្រសិនបើលោកខាងលិច ផ្គត់ផ្គង់មីស៊ីលដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរ៉ុក្កែតចល័ត ។

សហរដ្ឋអាមេរិក បានច្រានចោលការបញ្ជូន កងកម្លាំងរបស់ខ្លួន ឬ NATO ទៅកាន់អ៊ុយក្រែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានផ្គត់ផ្គង់អាវុធដល់ក្រុងគៀវ ដូចជាយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ Howitzer ប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះ Javelin ជាដើម ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានថ្លែងថា ក្រុងវ៉ាស៊ីនតោននឹងផ្គត់ផ្គង់ ដល់អ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket Systems ឬហៅថា HIMARS បន្ទាប់ពីលោកបានទទួលការធានាពីទីក្រុង គៀវ អះអាងថា អ៊ុយក្រែន នឹងមិនត្រូវបានប្រើប្រាស់ ដើម្បីកំណត់គោលដៅរុស្ស៊ីនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោក ពូទីន បានលើកឡើងថា ការនាំចេញសព្វាវុធគឺ “គ្មានអ្វីថ្មី” ហើយបានផ្លាស់ប្តូរអ្វីក្រៅពីការព្រមានថា នឹងមានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក ផ្គត់ផ្គង់អាវុធបាញ់បាន ចម្ងាយឆ្ងាយសម្រាប់ប្រព័ន្ធ HIMARS ដែលមានចម្ងាយអតិបរមា រហូតដល់៣០០គីឡូម៉ែត្រ ឬបាញ់បានឆ្ងាយជាងនេះ ។

លោក ពូទីន បានប្រាប់ដល់ទូរទស្សន៍រដ្ឋ Rossiya-1 នៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើមីស៊ីលរយៈចម្ងាយឆ្ងាយ ត្រូវបានផ្គត់ផ្គង់ “យើងនឹងវាយប្រហារ ទៅលើគោលដៅទាំងនោះ ដែលយើងមិនទាន់បានវាយប្រហារ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top