ព័ត៌មានអន្តរជាតិ

Update៖ សាកសពយុទ្ធជនអ៊ុយក្រែន ចំនួន១៦០នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងក្រុងកំពង់ផែ Mariupol បាននាំមកដល់ក្រុងគៀវហើយ

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមគ្រួសារទាហានឲ្យដឹងថា សាកសពយុទ្ធជនអ៊ុយក្រែនមួយចំនួន ដែលបានសម្លាប់ការពារកំពង់ផែដ៏សំខាន់ នៅភាគអាគ្នេយ៍នៃទីក្រុង Mariupol ត្រូវបាននាំមកដល់ទីក្រុង គៀវហើយ ។

ពួកគេលើកឡើងថា នេះជាផ្នែកនៃការដោះដូរជាមួយរុស្ស៊ី ដោយភាគីនីមួយៗ ទទួលបានសាកសព ចំនួន១៦០នាក់ ហើយទីក្រុងម៉ូស្គូ មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ។

ក្រុមអ្នកប្រយុទ្ធ បានចំណាយពេលជាច្រើនសប្តាហ៍ ចូលទៅក្នុងរោងដែក Azovstal របស់ទីក្រុងនេះ ។ នៅខែឧសភា អ្នករស់រានមានជីវិត ត្រូវបានចាប់ដាក់ពន្ធនាគារ ។

ទាហានអ៊ុយក្រែនជាង១.០០០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្រុង Mariupol ត្រូវបានគេរាយការណ៍ថា ត្រូវបានផ្ទេរទៅប្រទេសរុស្ស៊ី ។

ប្រភពពីមន្ត្រីអនុវត្តច្បាប់រុស្ស៊ី បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Itar-Tass ដែលជាទីភ្នាក់ងារព័ត៌មាន រដ្ឋរបស់រុស្ស៊ីថា ទាហានដែលត្រូវបានឃុំខ្លួន នៅក្នុងទីតាំងដែលគ្រប់គ្រង ដោយកងកម្លាំងគាំទ្រដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការស៊ើបអង្កេត ។

ប្រភពដដែលបានលើកឡើងថា ការផ្ទេរអ្នកទោសកាន់តែច្រើន នឹងកើតឡើង ។

សូមបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ណាមួយ ពីភាគីអ៊ុយក្រែននៅឡើយទេ ប៉ុន្តែកាលពីមុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា លោកគិតថា មានអ្នកការពាររោងចក្រ Azovstal ហើយជាង២.៥០០នាក់ ដែលរាប់បញ្ចូលទាំងឆ្មាំព្រំដែន ប៉ូលិស និងការពារទឹកដីផងដែរ ត្រូវបានរុស្ស៊ីធ្វើការឃុំខ្លួន ។

ក្រុង គៀវ ឲ្យដឹងថា អ្នកការពារចុងក្រោយ របស់ក្រុង Mariupol ត្រូវបានបញ្ជាឱ្យជួយសង្គ្រោះជីវិតរបស់ពួកគេ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ នូវគោលដៅចម្បងរបស់ពួកគេ ក្នុងការកាន់កាប់កងទ័ពរុស្ស៊ី និងមិនអនុញ្ញាតឱ្យពួកគេ ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់សមរភូមិសំខាន់ៗ ផ្សេងទៀតឡើយ ។

ក្រុងមូស្គូបញ្ជាក់ថា ខ្សែការពារអ៊ុយក្រែន ត្រូវបានបង្ខំឱ្យចុះចាញ់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top