ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងកាណាដា ពិភាក្សាគ្នាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា លោកបានជួបពិភាក្សាគ្នាជាមួយនឹង នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau លើប្រធានបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ។

លោក Zelensky ដែលបានបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាកិច្ចពិភាក្សាត្រូវបានបន្តធ្វើឡើង
ជាបន្តបន្ទាប់ទៅលើលទ្ធភាពនៃ ការធ្វើសហប្រតិបតិ្តការផ្សេងទៀតផងដែរ ដូចជាអំពីជំហ៊ានបន្ទាប់ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្សីនិងក៏ដូចជា ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗផង។

ប្រធានាធិបតីអ៊ុយក្រែនក៏បានបញ្ជាក់ដែរថា លោកបានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះប្រទេសកាណាដា និងភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលកន្លងមកតែងតែធ្វើការ គាំទ្រជានិច្ចចំពោះប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរកាលពីខែមុន ក្រសួងការពារជាតិកាណាដា បានប្រកាសក្នុងការផ្តល់ជំនួយ ជាអាវុធមួយចំនួនធំដែលរួមមាន ទាំងគ្រាប់កាំភ្លើងធំជាង ២០០០០គ្រាប់នៃប្រភេទគ្រាប់ 155mm ដែលជាស្តង់ដារបស់អង្គការណាតូ ទៅឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top