ព័ត៌មានអន្តរជាតិ

បាតុករច្រើនម៉ឺននាក់ ប្រមូលផ្តុំគ្នា នៅបេះដូងរបស់អឺរ៉ុប ដោយស្រែកថា បញ្ឈប់ណាតូ

បរទេស៖ ការតវ៉ាដែលរៀបចំឡើងដោយសហជីពដែលមានបាតុករពី 70 000នាក់ ទៅ 80 000 នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុងព្រុចសែល កាលពីថ្ងៃច័ន្ទ ដោយនាំឱ្យទីក្រុងមានភាពជាប់គាំង។ បន្ថែមពីលើការសម្ដែងការខឹងសម្បារចំពោះការកើនឡើងថ្លៃសម្រាប់ការរស់នៅក្នុងប្រទេសបែលហ្ស៊ិក មនុស្សជាច្រើនបានថ្កោលទោសសម្ព័ន្ធភាពណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក និងការចូលរួមរបស់អង្គការនេះ នៅក្នុងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សហជីពបាននិយាយថាមនុស្ស 80 000 នាក់បានចូលរួមការតវ៉ានេះ ខណៈដែលប៉ូលីសបាននិយាយថា ចំនួនអ្នកទៅចូលរួមមានចំនួនជិត 70 000 នាក់ នេះបើយោងតាមសារព័ត៌មាន Reuters ។ បន្ថែមពីលើការកកកុញតាមដងផ្លូវ ការតវ៉ាបាននាំឱ្យមានការលុបចោលជើងហោះហើរយ៉ាងច្រើននៅអាកាសយានដ្ឋាន Brussels ខណៈដែលសហជីពតំណាងឱ្យបុគ្គលិកសន្តិសុខបានធ្វើកូដកម្ម។ ផ្លូវដឹកជញ្ជូនសាធារណៈជុំវិញទីក្រុង ក៏កំពុងដំណើរការក្នុងកម្រិតកាត់បន្ថយយ៉ាងខ្លាំងផងដែរ។

សូមជម្រាបថា អតិផរណាបានឡើងដល់ 9% នៅក្នុងប្រទេសបែលហ្សិកក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់រយៈពេលបួនទសវត្សរ៍។ ជាមួយនឹងការថយចុះថាមពលនៃការចំណាយ ក្រុមអ្នកតវ៉ាទាមទារការដំឡើងប្រាក់ខែ និងកាត់បន្ថយពន្ធ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើន បានភ្ជាប់ភាពលំបាកខាងសេដ្ឋកិច្ច របស់ពួកគេទៅនឹង របបដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៊ី និងជាមួយនឹងការប្រញាប់ប្រញាល់ របស់សម្ព័ន្ធមិត្តណាតូ ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។

ក្រុមអ្នកតវ៉ាបានទាមទារឱ្យ មេដឹកនាំរបស់ពួកគេ “ចំណាយប្រាក់លើប្រាក់ខែ មិនមែនលើអាវុធ” ហើយបានស្រែកថា “បញ្ឈប់អង្គការណាតូ” ៕

ប្រែសម្រួលៈ ណៃ តុលាhttps://www.rt.com/news/557512-brussels-nato-protest-economy/

To Top