វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមរិក បានអនុម័តច្បាប់កាំភ្លើង ដែលសម្រុះសម្រួល ក្នុងការបោះឆ្នោត ៦៥-៣៣ នៅយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ច្បាប់នេះនឹងពង្រឹងការត្រួតពិនិត្យ ប្រវត្ដិរូបសម្រាប់អ្នកទិញកាំភ្លើង ដែលមានអាយុក្រោម ២១ឆ្នាំ ផ្តល់ប្រាក់ដើម្បីគ្រប់គ្រងច្បាប់ “ទង់ក្រហម” ឬ Red Flag និងបង្ក្រាបអ្នកទិញអាវុធ។ សភាតំណាងរាស្រ្ត ត្រូវបានគេរំពឹងថា នឹងលើកយកច្បាប់នេះ ក្នុងពេលឆាប់ៗ។
ច្បាប់នេះបានកើតឡើង នៅពេលមានការបាញ់ប្រហារ ទ្រង់ទ្រាយធំ នៅទូទាំងសហរដ្ឋអាមេរិក និងចំពេលមានការខកចិត្ត ជាសាធារណៈជាមួយនឹង ភាពអសកម្មខាងនយោបាយ ជាយូរមកហើយ។
កាលពីមួយខែមុន ខ្មាន់កាំភ្លើងម្នាក់បានវាយប្រហារ សាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៩នាក់ និងគ្រូបង្រៀនពីរនាក់ ហើយបានធ្វើឲ្យកក្រើកសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិជាខ្លាំង។
ដប់ថ្ងៃមុនពេលការសម្លាប់រង្គាល Uvalde បុរសស្បែកសម្នាក់បានសម្រុកចូលហាង លក់គ្រឿងទេសមួយនៅ Buffalo រដ្ឋញូវយ៉ក ហើយបានបាញ់សម្លាប់ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកចំនួន 10 នាក់នៅក្នុងសហគមន៍។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា “យប់នេះ បន្ទាប់ពីភាពអសកម្មរយៈពេល ២៨ ឆ្នាំ សមាជិកសភា bipartisan បានមកជួបជុំគ្នាដើម្បីស្តាប់ការ អំពាវនាវរបស់ក្រុមគ្រួសារ នៅទូទាំងប្រទេស ហើយបានអនុម័តច្បាប់ ដើម្បីដោះស្រាយការបំផ្លិចបំផ្លាញ នៃអំពើហិង្សាដោយកាំភ្លើង នៅក្នុងសហគមន៍របស់យើង” ។
លោកប្រធានាធិបតី បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍។ “គ្រួសារនៅ Uvalde និង Buffalo – និងការបាញ់ប្រហារ ដ៏សោកនាដកម្មច្រើនពេកពីមុន បានទាមទារឱ្យមានសកម្មភាព” ៕
ប្រែសម្រួល ឈូក បូរ៉ា