ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ១គ្រឿង នៅអាហ្សង់ទីន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ គិលានុបដ្ឋាយិកាម្នាក់ និងវេជ្ជបណ្ឌិតម្នាក់ បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះពេទ្យរបស់ពួកគេ បានធ្លាក់នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Rio Grande ភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam បានរាយការណ៍ឲ្យដឹង ។

យន្តហោះ Learjet 35A បានធ្លាក់ចុះមកដីភ្លាមៗ បន្ទាប់ពីហោះឡើង នៅម៉ោង២និង៣៦នាទីរសៀល  ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង៣៦នាទីម៉ោងសកល បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ ដែលអាចលាន់ឮនៅក្នុងផ្នែកផ្សេងៗ នៃទីក្រុងក្នុងខេត្ត Tierra del Fuego ។

យន្តហោះក្នុងបេសកកម្មវេជ្ជសាស្រ្ត បានដឹកអ្នកជំងឺទៅកាន់ទីក្រុង Rio Grande ហើយកំពុងរៀបចំត្រឡប់ទៅរដ្ឋធានី Nuenos Aires វិញ ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារពត៌មានTelam បានរាយការណ៍ថា “យន្តហោះបានធ្លាក់នៅក្នុងមូលដ្ឋាន នៃមូលដ្ឋានទ័ពជើងទឹក ដែលមានចម្ងាយប្រហែល១.០០០ម៉ែត្រពីតំបន់ដែលមានប្រជាជន រស់នៅដោយបន្សល់ទុកនូវតាមដូចផ្លូវលំ ដ៏ធំមួយដែលមានភ្លើង និងផ្សែង”  ។

គួរបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top