LUGANO៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បានថ្លែងកាលពីថ្ងៃចន្ទថា ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី អាចឡើងដល់ទឹកប្រាក់ ៧៥០ពាន់លានដុល្លារ ហើយប្រជាជនរុស្ស៊ីដែលមាន ទ្រព្យសម្បត្តិគួរតែជួយបង់ថ្លៃទាំងនេះ ។
លោកបានប្រាប់ដល់សន្និសីទនៅទីក្រុង Lugano នៃប្រទេសស្វីសថា “យើងជឿថា ប្រភពសំខាន់នៃការស្តារឡើងវិញ គួរតែជាទ្រព្យសម្បត្តិរឹបអូសរបស់រុស្ស៊ី និង ក្រុមអ្នកមានទ្រព្យសម្បត្តិរបស់រុស្ស៊ី” គាត់បានប្រាប់សន្និសីទនៅទីក្រុង Lugano របស់ប្រទេសស្វីស ដោយលើកឡើងពីការប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកមានតម្លៃពី ៣០០ដល់៥០០ ពាន់លានដុល្លារ ។
លោកបានសង្កត់ធ្ងន់ថា “អាជ្ញាធររុស្ស៊ី បានបញ្ចេញសង្រ្គាមបង្ហូរឈាមនេះ ។ ពួកគេបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដ៏ធំនេះ ហើយពួកគេគួរតែ ទទួលខុសត្រូវចំពោះរឿងនេះ” ។
ចំណែក រុស្ស៊ីបានលើកឡើងថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺសំដៅធ្វើឱ្យប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនគ្មានយោធា និងការពារអ្នកនិយាយរុស្ស៊ីពីអ្វីដែលខ្លួនហៅថា អ្នកជាតិនិយម ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច លើកឡើងថា នេះជាលេសគ្មានមូលដ្ឋាន សម្រាប់ការឈ្លានពានជាក់ស្តែង ដែលមានបំណងដណ្តើមយកទឹកដី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា