ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ប្រតិបត្ដិការយោធា នៅក្នុងតំបន់ Lugansk ភាគខាងកើតប្រទេស ទទួលបានជោកជ័យហើយ

គៀវ ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovych បានពិពណ៌នាថា ជាការ “ជោគជ័យ” នៃប្រតិបត្តិការយោធា របស់អ៊ុយក្រែន នៅក្នុងទីក្រុងសំខាន់ៗ នៅក្នុងតំបន់ Lugansk ភាគខាងកើតប្រទេស ។

លោក Arestovych បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “ការការពារនៃការប្រមូលផ្តុំ Lysychansk-Severodonetsk គឺជាប្រតិបត្តិការយោធាដ៏ជោគជ័យ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា អ៊ុយក្រែន បានអនុវត្តភារកិច្ចសំខាន់ៗទាំងបួន នៃប្រតិបត្តិការការពារ រួមមានការរារាំងកងកម្លាំងសត្រូវសំខាន់ៗ ធ្វើឱ្យមានការខាតបង់ ដល់កងកម្លាំងសត្រូវ ការទិញពេលវេលា សម្រាប់ការទទួលអាវុធ និងបង្កើតលក្ខខណ្ឌ សម្រាប់ប្រតិបត្តិការ វាយលុកក្នុងវិស័យផ្សេងទៀតនៃជួរមុខ ។

លោក Arestovych បានបន្ដថា បច្ចុប្បន្នអ៊ុយក្រែន កំពុងអនុវត្តសកម្មភាពវាយប្រហារនៅតំបន់ Donetsk ភាគខាងកើត និងនៅតំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងប្រទេស។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានជូនដំណឹង ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការគ្រប់គ្រងតំបន់ Lugansk នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី ។

កាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុង Lysychanska ដែលជាទីក្រុងសំខាន់នៃ Lugansk ប៉ុន្តែបានប្តេជ្ញាថា កងកម្លាំងអ៊ុយក្រែន “នឹងត្រឡប់មកវិញ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top