ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាមេរិក ចំពោះប៉ុនប៉ងហាមឃាត់ ការនាំចេញបច្ចេកវិទ្យា ផលិតបន្ទះឈីបរបស់ហូឡង់ ទៅកាន់ប្រទេសចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការជំរុញអ្នកផ្គត់ផ្គង់ ហូឡង់ឱ្យបញ្ឈប់ការលក់ឧបករណ៍ ផលិតបន្ទះឈីបទៅឱ្យប្រទេសចិន។

លោក Zhao បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរស្តីពី របាយការណ៍ដែលថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យប្រទេសហូឡង់ ហាមឃាត់ក្រុមហ៊ុន ASML Holding NV ពីការលក់បច្ចេកវិទ្យាចម្បង ប្រព័ន្ធទំនើបបំផុត ឬ DUV ទៅកាន់ប្រទេសចិន។

លោក Zhao បានលើកឡើងថា “វាគឺជាឧទាហរណ៍មួយទៀតនៃសហរដ្ឋអាមេរិក ដែលបំពានអំណាចជាតិរបស់ខ្លួន និងពឹងផ្អែកលើអនុត្តរភាពបច្ចេកវិទ្យា ដើម្បីចូលរួមក្នុងការទូតបង្ខិតបង្ខំ” ។

លោក Zhao បានបន្ដថា នៅក្នុងបរិបទបច្ចុប្បន្ននៃសកលភាវូបនីយកម្ម សហរដ្ឋអាមេរិកបានធ្វើនយោបាយ បង្កើតឧបករណ៍ និងមនោគមវិជ្ជាម្តងហើយម្តងទៀត លើបញ្ហាបច្ចេកវិទ្យា និងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបានដាក់ “ការរារាំងបច្ចេកវិទ្យា” លើប្រទេសដទៃទៀត ដែលនឹងធ្វើឱ្យប្រទេសទាំងនេះដឹងថា ការពឹងផ្អែកទាំងស្រុងលើ សហរដ្ឋអាមេរិកសម្រាប់បច្ចេកវិទ្យា នឹងមិនដំណើរការនោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “នេះក៏នឹងជំរុញឱ្យប្រទេសនានាពន្លឿន ការសម្រេចបាននូវឯករាជ្យភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការពឹងផ្អែកលើខ្លួនឯង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhao ក៏បានឲ្យដឹងផងដែរថា លោកសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងរក្សាគោលជំហរ ប្រកបដោយគោលបំណង និងមិនលំអៀង ដំណើរការទៅតាមផលប្រយោជន៍ រយៈពេលវែងរបស់ពួកគេ និងគោលការណ៍ទីផ្សារត្រឹមត្រូវ និងយុត្តិធម៌ និងធ្វើការសម្រេចចិត្តដោយឯករាជ្យ ៕

To Top