ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ កម្មវិធីនុយក្លេអ៊ែរ គឺ “សន្តិភាព” មិនមានការស្វែងរកអាវុធនោះទេ 

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ហើយកម្មវិធីបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនគឺ “សន្តិភាព” ។

លោក Kanani បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Kamal Kharrazi ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃទំនាក់ទំនងបរទេសរបស់អ៊ីរ៉ង់ថា “អ៊ីរ៉ង់ មានសមត្ថភាពនុយក្លេអ៊ែរខ្ពស់ ហើយដូចដែលយើងបាននិយាយជាច្រើនដងមកហើយថា បច្ចេកវិទ្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានសន្តិភាពពេញលេញ និងស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ”។

លោក Kharrazi បានប្រាប់ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ មានសមត្ថភាពបច្ចេកទេសចាំបាច់ ដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមពី ២០ ភាគរយទៅ ៦០ភាគរយ ប៉ុន្តែមិនមានបំណងបង្កើតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។

អ្នកនាំពាក្យអ៊ីរ៉ង់បាននិយាយដោយសំដៅលើក្រឹត្យសាសនារបស់លោក Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលហាមឃាត់ការផលិត និងការប្រើប្រាស់អាវុធប្រល័យលោករបស់អ៊ីរ៉ង់ថា “យើងមានការអះអាង របស់មេដឹកនាំកំពូល ហើយមិនមានការផ្លាស់ប្តូរនៅក្នុងទស្សនៈ និងជំហររបស់អ៊ីរ៉ង់នោះទេ”៕

To Top