ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ចោទសហរដ្ឋអាមេរិក ថាបានផលិតអាវុធជីវសាស្ត្រ នៅក្នុងទឹកដីអ៊ុយក្រែន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការផលិតអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្ទរការទាមទាររបស់រុស្ស៊ី ដែលត្រូវបានច្រានចោលដោយអង្គការ សហប្រជាជាតិកាលពីខែមីនា ។

គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងដែលជាសម្ព័ន្ធមិត្ត របស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈបានឲ្យដឹងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺជា “ដើមហេតុនៃវិបត្តិអ៊ុយក្រែន” ហើយនៅក្នុងខែនេះ បានទទួលស្គាល់ជាផ្លូវការ នូវតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ី ចំនួន២ នៅភាគខាងកើតអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុង គៀវ កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយកូរ៉េខាងជើង ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា “បានបង្កើតមន្ទីរពិសោធន៍ ជីវសាស្រ្តជាច្រើន នៅក្នុងប្រទេស និងតំបន់រាប់សិប រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ” ដោយបានលើកឡើងពីអ្វី ដែលខ្លួនបានអះអាងថា “បានរកឃើញ” ដោយប្រទេសរុស្ស៊ី ។

គួររំលឹកថា ក្រុងម៉ូស្គូកាលពីខែមីនាបានចោទប្រកាន់ ក្រុងវ៉ាស៊ីនតោន ពីបទផ្តល់មូលនិធិ ដល់ការស្រាវជ្រាវលើការ អភិវឌ្ឍអាវុធជីវសាស្រ្ត នៅអ៊ុយក្រែន ដែលបានឈ្លានពានដោយរុស្ស៊ីជិតប្រាំខែមុន។

ក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានបដិសេធថា មិនមានមន្ទីរពិសោធន៍ដែលមាន បំណងផលិតអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក បានលើកឡើងថា ការចោទប្រកាន់នេះគឺជាសញ្ញាមួយ ដែលទីក្រុងម៉ូស្គូអាចនឹងប្រើយុទ្ធសាស្ត្របែបនេះ ដោយខ្លួនឯងប៉ុណ្ណោះ ។

លោក Izumi Nakamitsu អគ្គលេខាធិការរងកិច្ចការរំសាយអាវុធ របស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងកាលពីខែមីនាថា អង្គការសហប្រជាជាតិ “មិនបានដឹងពីកម្មវិធីអាវុធជីវសាស្ត្រណាមួយ នៅក្នុងអ៊ុយក្រែនទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top