ព័ត៌មានអន្តរជាតិ

ឥណ្ឌា រកឃើញករណីឆ្លងជំងឺអុតស្វា បណ្តាលឲ្យស្លាប់មនុស្ស ជាលើកដំបូង

ញ៉ូវដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានរាយការណ៍ពីការស្លាប់ដោយជំងឺអុតស្វា ជាលើកដំបូងរបស់ខ្លួននៅរដ្ឋ Kerala ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ។ សារព័ត៌មាន Indian Express បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាល របស់រដ្ឋលោកស្រី Veena George បានលើកឡើងដូច្នេះ ។

បុរសអាយុឆ្នាំដែលបានស្លាប់ កាលពីរសៀលថ្ងៃសៅរ៍បានត្រលប់មកពីប្រទេសអារ៉ាប់រួម (UAE) កាលពីសប្តាហ៍មុន ។ រដ្ឋាភិបាលរដ្ឋបានបើកការស៊ើបអង្កេត លើការស្លាប់របស់គាត់ ។

របាយការណ៍បានដាក់ថា អ្នកស្លាប់ដែលមានដើមកំណើតនៅស្រុក Thrissur នៃរដ្ឋ Kerala មិនបានបង្ហាញពីរោគសញ្ញានៃជំងឺអុតស្វានោះទេ នៅគ្រាដែលគាត់ត្រឡប់ មកពីក្រៅប្រទេស ហើយសាច់ញាតិរបស់គាត់បាន ប្រគល់លទ្ធផលតេស្តវិជ្ជមានដែលធ្វើឡើងនៅបរទេស តែថ្ងៃសៅរ៍ប៉ុណ្ណោះ ។

ក្រោយមក មន្ទីរសុខាភិបាលបានបញ្ជូន សំណាករបស់គាត់ទៅវិទ្យាស្ថានជាតិនៃមេរោគវិទ្យា ហៅកាត់ថា (NIV) ដែលជាលទ្ធផលរង់ចាំ ។

“យុវជននោះមិនមានរោគសញ្ញា នៃជំងឺអុតស្វានោះទេ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរោគសញ្ញានៃជំងឺរលាកខួរក្បាល និងអស់កម្លាំង… ការស៊ើបអង្កេតកម្រិតខ្ពស់នឹងត្រូវធ្វើឡើងចំពោះការស្លាប់ ដោយសារជំងឺអុតស្វាមានអត្រាស្លាប់ទាបបំផុត” ។

បន្ទាប់ពីការស្លាប់របស់គាត់ ទំនាក់ទំនងបឋមរបស់គាត់ទាំងអស់ត្រូវបានដាក់នៅក្រោមការស៊ើបសង្កេត ។

គិតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានបញ្ជាក់ពីករណីនៃជំងឺអុតស្វាចំនួន៤ករណី ក្នុងនោះ ៣ករណីនៅរដ្ឋ Kerala និង ១ករណីនៅក្រុងញ៉ូវដេលី ។ កាលពីថ្ងៃសៅរ៍ ករណីកើតជំងឺអុតស្វាដំបូងរបស់ប្រទេសដែល ត្រូវបានរកឃើញនៅថ្ងៃទី១៤ ខែកក្កដា ត្រូវបានព្យាបាលដោយជោគជ័យ និងធ្វើតេស្តអវិជ្ជមាន ។

អាជ្ញាធរសុខាភិបាលបានឲ្យដឹងថា អ្នកដែលនៅសេសសល់ក៏ត្រូវបានគេរាយការណ៍ថា បានឆ្លើយតបយ៉ាងល្អចំពោះការព្យាបាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top