ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន នឹងនាំចេញគ្រាប់ធញ្ញជាតិ ពីក្រុងកំពង់ផែ Mykolayiv

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថាទីភ្នាក់ងារព័ត៌មាន Interfax-អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃសុក្រ ដោយបាន ដកស្រង់ សម្តីមន្ត្រីក្នុងតំបន់ម្នាក់ថា អ៊ុយក្រែនមានបំណង ចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិ របស់ខ្លួនពីកំពង់ផែសមុទ្រ នៅក្នុងតំបន់ Mykolayiv ដែលស្ថិតនៅភាគខាងត្បូងប្រទេស ។

លោក Vitaliy Kim ដែលជាប្រធានរដ្ឋបាលយោធាក្នុងតំបន់ Mykolaiv ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា បញ្ហាទាក់ទងនឹងលទ្ធភាពនៃការបិទច្រក Mykolaiv នឹងត្រូវដោះស្រាយ ក្នុងរយៈពេល១ខែ ។

យោងតាមគោលនយោបាយកសិកម្ម និងស្បៀងអាហាររបស់អ៊ុយក្រែន លោក Mykola Solskyi ថា អ៊ុយក្រែន ត្រូវការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ទៅក្រៅប្រទេសប្រហែល ៥លានតោនក្នុង១ខែក្នុងរយៈពេល១២ ខែខាងមុខ ដើម្បីនាំចេញដំណាំពីឆ្នាំមុន និងប្រមូលផលនៅឆ្នាំនេះ ។

គួររំលឹកថា នៅថ្ងៃទី២២ ខែកក្កដា អ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាដោយឡែកពីគ្នា ជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការដឹកជញ្ជូនអាហារ និងជីពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ ។

ចាប់តាំងពីពេលនោះមក កប៉ាល់ចំនួន៤គ្រឿង ដែលផ្ទុកគ្រាប់ធញ្ញជាតិ សរុបចំនួន៨៣.០០០តោន បានចាកចេញពីកំពង់ផែអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top