ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ ស្លាប់៨នាក់ និងបាត់ខ្លួន៦នាក់ ក្នុងជំនន់ទឹកភ្លៀងខ្លាំងបំផុត មិនធ្លាប់មានក្នុង រយៈពេល៨០ឆ្នាំ

សេអ៊ូល៖ មន្ត្រីបាននិយាយនៅថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៨០ឆ្នាំ បានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញ របស់ប្រទេសកូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន ព្រមទាំងទឹកជំនន់លិចផ្ទះ យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដីផងដែរ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិចនៃខេត្ត Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតជាង ១០០ មីលីម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ ជាមួយនឹងទឹកភ្លៀងខ្លាំងក្នុង មួយម៉ោងនៅក្នុងសង្កាត់ Dongjak នៃទីក្រុងសេអ៊ូល លើសពី ១៤១,៥ មីលីម៉ែត្រនៅចំណុចមួយ ដែលជាភ្លៀងធ្លាក់ខ្ពស់បំផុត ក្នុងមួយម៉ោងចាប់តាំងពីឆ្នាំ១៩៤២។

រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ភ្លៀងរហូតដល់ ៣០០មីលីម៉ែត្របន្ថែមទៀតត្រូវបានព្យាករណ៍សម្រាប់តំបន់រដ្ឋធានីរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយខេត្ត Gyeonggi ភាគខាងត្បូងទំនងជានឹងមានភ្លៀងធ្លាក់លើសពី ៣៥០ មីលីម៉ែត្រ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ភ្លៀងធ្លាក់បានធ្វើឱ្យមនុស្ស ៥ នាក់ស្លាប់ និង ៤ នាក់ទៀតបាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈដែលនៅក្នុងខេត្ត Gyeonggi មានមនុស្ស ៣ នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតបានបាត់ខ្លួនគិតត្រឹមម៉ោង ១១ព្រឹក៕
ប្រែសម្រួលៈ ណៃ តុលា

To Top