បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សេតវិមានកំពុងពិចារណា លើជំហានក្នុងការរឹតបន្តឹងការវិនិយោគ របស់សហរដ្ឋអាមេរិក នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិន ចំពេលមានភាពតានតឹងកើនឡើង រវាងប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទាំងពីរ របស់ពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិស្តីពីការទប់ស្កាត់ ការវិនិយោគនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រភពមួយ បានប្រាប់ទីភ្នាក់ងារថា សកម្មភាពដាច់ដោយឡែកពីគ្នា អាចនឹងត្រូវបានចាត់ការប្រឆាំងនឹង TikTok ដែលជាកម្មវិធីចែករំលែកវីដេអូ ដ៏ពេញនិយមរបស់ប្រទេសចិន។ ក្រសួងពាណិជ្ជកម្មអាមេរិក ក៏នឹងអាចណែនាំការរឹតបន្តឹងបន្ថែមទៀត លើបន្ទះឈីបដែលប្រើសម្រាប់ការគណនា បច្ចេកវិទ្យាវៃឆ្លាតបែបសិប្បនិម្មិតផងដែរ។
សេតវិមានត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយសភាអំពីលទ្ធភាព នៃការអនុម័តច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអាមេរិក ផ្តល់ការជូនដំណឹងជាមុនអំពីការវិនិយោគ ដែលអាចកើតមាននៅក្នុងឧស្សាហកម្ម មួយចំនួនរបស់ចិន។ ការបង្កើតប្រព័ន្ធអនុញ្ញាតឱ្យរដ្ឋាភិបាលរារាំង ការវិនិយោគបែបនេះទាំងស្រុង ក៏កំពុងត្រូវបានពិចារណាផងដែរ។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុត របស់អាមេរិក Nvidia និង AMD បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ការរឹតបន្តឹងថ្មី ដើម្បីកាត់បន្ថយប្រទេសចិន និងរុស្ស៊ីចេញពីបន្ទះឈីបឆ្លាតវៃ បែបសិប្បនិម្មិតកម្រិតខ្ពស់៕ ប្រែសម្រួលៈ ណៃ តុលា