ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីអង់គ្លេស នឹងជួយខ្លួនរារាំងការ ឈ្លានពានពីរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសម្ដែងការកោតសរសើរ ចំពោះនាយករដ្ឋមន្ត្រី អង់គ្លេសលោក បូរីស ចនសុន ហើយបានព្យាករណ៍ថា នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស គឺរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss នឹងជួយអ៊ុយក្រែន រារាំងការឈ្លានពានរបស់រុស្ស៊ី។

លោកស្រី Truss បានឈ្នះការប្រណាំង ប្រជែងសម្រាប់ការដឹកនាំគណបក្ស អភិរក្សកាលពីថ្ងៃចន្ទ។ លោកស្រី នឹងជំនួសលោក ចនសុន ដែលបាន លាលែង ពីតំណែងក្រោមសម្ពាធកាលពីខែកក្កដា ។ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ចុងក្រោយក្នុង នាមជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ លោក ចនសុន បានថ្លែងអំណរគុណដល់លោក ហ្សេឡិនស្គី “សម្រាប់ការដឹកនាំ និងមិត្តភាពរបស់លោក” ហើយបានសន្យាថានឹង “រក្សាទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាមិត្ត” នេះបើយោងតាម 10 Downing Street ។

លោកហ្សេឡិនស្គី បានលើកឡើងអំពីការហៅទូរស័ព្ទនេះ និងបានគោរព ដល់លោក ចនសុន ក្នុងអំឡុងពេលសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រជាជនអ៊ុយក្រែន នៅពេលបន្ទាប់ ដោយបានអរគុណ មេដឹកនាំអង់គ្លេស សម្រាប់ “មិត្តភាព” របស់លោក ហើយបានព្យាករណ៍ថា លោកស្រី Truss នឹងជួយអ៊ុយក្រែនកម្ចាត់រុស្ស៊ី ។

លោក បានលើកឡើងថា “ថ្ងៃនេះ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាមិត្តដ៏អស្ចារ្យ របស់ប្រជាជនយើង គឺលោក បូរីស ចនសុន កំពុងចាកចេញ ពីតំណែងរបស់លោក” ។ “ខ្ញុំជឿថាលោកនឹងមិនចាកចេញពីសកម្មភាព នយោបាយ ហើយនឹងបន្តគាំទ្រការការពារសេរីភាពនៅអ៊ុយក្រែន នៅចក្រភពអង់គ្លេស និងជុំវិញពិភពលោក។ ខ្ញុំបាននិយាយជាមួយលោកនៅថ្ងៃនេះ។ ដូចរាល់ដង វាជាការសន្ទនាដ៏ល្អមួយ”។

លោកបានបន្ថែមថា “ជាធម្មតាគេនិយាយថា មិនមានមិត្តភាពនៅក្នុង នយោបាយទេ ប៉ុន្តែលោក ចនសុន គឺជាករណី នៅពេល ដែលអ្នកយល់គ្នាទៅវិញទៅមក នៅពេលដែលមិត្តភាពមាន នៅពេលដែលវារឹងមាំ និងនៅពេលដែលវាពិតជាពង្រឹង រដ្ឋរបស់យើងទាំងពីរ” ។ “ចាប់ពីនាទីដំបូង នៃសង្រ្គាមពេញលក្ខណៈរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងអឺរ៉ុប គឺលោក នៅជាមួយយើង” ។

លោកហ្សេឡិនស្គី បានបន្ដថាលោក “មានអារម្មណ៍ថា ចក្រភពអង់គ្លេសឈរជាមួយអ៊ុយក្រែន” ជាយូរមកហើយមុនពេលសង្រ្គាមចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោកបានបញ្ជាក់ថា ការងាររបស់លោកជាមួយលោក ចនសុន “បានគ្រប់គ្រង ដើម្បីនាំទំនាក់ទំនងអ៊ុយក្រែន – អង់គ្លេស ដល់កម្រិតខ្ពស់បំផុតពេញមួយរយៈពេល នៃឯករាជ្យភាពរបស់យើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top