រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានជំរុញសមភាគីអ៊ីស្រាអែល លោក Yair Lapid ឱ្យបង្ហាញការគាំទ្រ របស់លោក ចំពោះដំណោះស្រាយរដ្ឋពីរ ដោយបញ្ឈប់ការសាងសង់ លំនៅដ្ឋាន និងបញ្ចប់ការបិទផ្លូវ ដែលដាក់លើ តំបន់ហ្គាហ្សាស្ទ្រីប។
លោក Ishtaye បានឲ្យដឹងក្នុងអំឡុងពេល គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “អ្នកណាដែលអះអាងថា ជឿលើដំណោះស្រាយរដ្ឋទាំងពីរ ត្រូវតែបញ្ឈប់ការតាំងទីលំនៅ ដកការឡោមព័ទ្ធលើតំបន់ហ្គាហ្សា បើកទីក្រុងយេរ៉ូសាឡឹម និងបញ្ឈប់ការលុកលុយ ម្តងហើយម្តងទៀត របស់អ្នកតាំងលំនៅ ចូលទៅក្នុងវិហារអ៊ីស្លាម Al-Aqsa។
នៅក្នុងសុន្ទរកថា របស់លោកទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន លោក Lapid បានលើកឡើងថា ប្រជាជនអ៊ីស្រាអែល ភាគច្រើន រួមទាំងលោកផងដែរ “គាំទ្រចក្ខុវិស័យ នៃដំណោះស្រាយរដ្ឋពីរ” ទោះបីជាមានឧបសគ្គទាំងអស់ ក៏ដោយ។
នៅព្រឹកថ្ងៃច័ន្ទ ប៉ូលីសអ៊ីស្រាអែល បានទម្លុះចូលកន្លែង បរិសុទ្ធក្នុងទីក្រុងចាស់ នៃទីក្រុងយេរ៉ូសាឡឹម ដើម្បីបំបែកក្រុមអ្នកគោរពបូជា មូស្លីម និងផ្តល់កន្លែងសុវត្ថិភាព សម្រាប់ជនជាតិយូដាជ្រុលនិយម ដែលប្រារព្ធពិធីចូលឆ្នាំថ្មី របស់ជនជាតិជ្វីហ្វ (ពីថ្ងៃទី២៥ ដល់ ២៧ ខែកញ្ញាឆ្នាំនេះ) ។
លោក Ishtaye បានអំពាវនាវឱ្យមាន ចលនាអន្តរជាតិ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន រក្សាអ៊ីស្រាអែល ឱ្យទទួលខុសត្រូវចំពោះសកម្មភាព និងការអនុវត្តរបស់ខ្លួន និងបញ្ចប់ការកាន់កាប់។
កិច្ចចរចាសន្តិភាពដោយផ្ទាល់ចុងក្រោយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ឧបត្ថម្ភដោយសហរដ្ឋអាមេរិក បានបែកបាក់ក្នុងឆ្នាំ២០១៤ ជុំវិញភាពខុសគ្នាយ៉ាងជ្រាលជ្រៅ របស់ពួកគេលើបញ្ហាព្រំដែន សន្តិសុខ និងការតាំងទីលំនៅ៕
ប្រែសម្រួល ឈូក បូរ៉ា