ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមមិនវេជ្ជបណ្ឌិត និងពេទ្យចាកចេញពី ប្រទេសឡើយ

ម៉ូស្គូ៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរុស្ស៊ី ត្រូវបានប្រគល់សំបុត្រពីអាជ្ញាធរ ប្រាប់ពួកគេកុំឱ្យចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

គណៈកម្មាធិការថែទាំសុខភាព នៅសាំងពេទឺប៊ឺគបានប្រាប់ បុគ្គលិកមន្ទីរពេទ្យក្នុងសំបុត្រថា ពួកគេមិនគួរចាកចេញពីប្រទេស សម្រាប់ការធ្វើដំណើរ ទាក់ទងនឹងការងារ សម្រាប់ “ហេតុផលសុវត្ថិភាព” ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Tass បានរាយការណ៍។

លិខិតដែលចុះហត្ថលេខា ដោយប្រធានគណៈកម្មាធិការ ថែទាំសុខភាពលោក Dmitry Lisovets បានលើកឡើងថា “រហូតដល់មានការជូនដំណឹងបន្ថែម ប្រមុខ និងនិយោជិតនៃអង្គការ ដែលស្ថិតក្រោម គណៈកម្មាធិការសុខភាព ត្រូវតែបដិសេធពីការធ្វើដំណើរ អាជីវកម្មទៅកាន់ប្រទេសក្រៅ រួមទាំងទឹកដីនៃប្រទេសសមាជិក CIS” ។

ឯកសារនេះសំដៅទៅលើ Commonwealth of Independent States (CIS) ដែលជាប្លុកនយោបាយ ដឹកនាំដោយប្រទេសរុស្ស៊ី ដែលមានអាស៊ែបៃហ្សង់ អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ម៉ុលដាវ៉ា រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ូសបេគីស្ថាន និងអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រមុខចារកម្មនៃរដ្ឋ CIS នៅវិមាន Constantine ក្បែរសាំងពេទឺប៊ឺគ ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់លោក នៅថ្ងៃទី០៧ ខែតុលា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top