ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ៣ថ្ងៃ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ តុលានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតានឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចតេជោ និងប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន កិច្ចព្រមព្រៀង សេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួលការចូលជួបសម្តែងការគួរសមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញធ្វើបាឋកថាសាធារណៈនៅសាកលវិទ្យាល័យល្បីៗនៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើត លើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាព ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

To Top